សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ជូនដល់លោក នៅ កំសាន្ត ជាមន្ត្រីយោធា ដើម្បីបន្តព្យាបាលជំងឺ តម្រងនោមធ្ងន់ធ្ងរ
03-09-2016 12:07
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី បានចុះសួរសុខទុក្ខ លោក នៅ កំសាន្ត អាយុ ៥២ឆ្នាំ ជាមន្ត្រីយោធា បម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ កំពុងស្នាក់នៅគេហដ្ឋាន ស្ថិតនៅ ផ្ទះលេខ ២៥ ផ្លូវលេខ ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាមួយគ្នានោះ លោកស្រី បាននាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានផ្លែឈើ និងថវិកាមួយចំនួន មកជូនអ្នកជំងឺ និងក្រុមគ្រួសារដើម្បីបន្តព្យាបាលជំងឺផងដែរ។
ឱកាសនៃការចុះសួរសុខទុក្ខនោះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីអាណិតអាសូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្ដេចតែងយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋដែលមានជំងឺ និងជួបការលំបាកខ្វះខាត ជាពិសេស ដូចជា រូបលោក នៅ កំសាន្ត ជាមន្ត្រីយោធាដែលបានលះបង់កម្លាំងកាយ-ចិត្ត ដើម្បីបម្រើជាតិមាតុភូមិដោយមិនខ្លាចនឿយហត់ អស់រយៈពេលជាង ៣០ឆ្នាំ មកនេះ។
ទន្ទឹមនឹងនោះដែរ លោកស្រី ម៉ែន នារីសោភ័គ បានផ្តាំផ្ញើដល់លោក នៅ កំសាន្ត សូមយកចិត្តទុកដាក់ និងព្យាយាមថែទាំសុខភាពឱ្យបានល្អ ហើយក៏សូមជូនពរឲ្យលោក បានឆាប់ជាសះស្បើយពីជំងឺផងដែរ។
មន្ត្រីយោធារូបនោះ បានថ្លែងអំណរគុណដោយក្តីរំភើបចិត្តឥតឧបមា ចំពោះសណ្តានចិត្តដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយឧបត្ថម្ភថវិកា ដល់រូបលោក ដើម្បីមានលទ្ធភាពបន្តព្យាបាលជំងឺឱ្យជាសះស្បើយ និងបានចូលមប្រើការងារជាធម្មតាវិញ៕