Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្រ្តី យឹម ណុលឡា រំលឹកប្រាប់មន្ត្រី ឲ្យធ្វើតែអំពើល្អ និងត្រូវចាត់ទុកខ្លួន ជាអ្នកបម្រើប្រជាជន

02-09-2016 17:44

(តាកែវ)៖ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា បានក្រើនរំលឹក ទៅដល់មន្រ្តីក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រៃកប្បាស រួមនិងមន្រ្តីអាជ្ញាធរ ក្នុងស្រុកព្រៃកប្បាសផងដែរ ឲ្យធ្វើតែអំពើល្អ ជាមួយប្រជាពលរដ្ឋ ហើយត្រូវចាត់ទុកខ្លួនឯង ជាអ្នកបម្រើប្រជាជន។

ការក្រើនរំលឹករបស់ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា បានធ្វើឡើងក្នុងពេលដែលរូបលោក អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយផែន ការសកម្មភាពត្រៀមរៀបចំ ការងារសម្រាប់ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅស្រុកព្រៃកប្បាស នាសប្តាហ៍កន្លងទៅ។

ជាមួយការលើកឡើងពី តួនាទីរបស់មន្រ្តី និងអាជ្ញាធរនៅតាមមូល ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច ដែលខ្លួនមើលការ ខុសត្រូវនោះ លោកទេសរដ្ឋមន្រ្តី បានរំលឹកថា «ក្នុងនាមជាមន្រ្តី ត្រូវធ្វើអំពើល្អជានិច្ច ហើយត្រូវចាត់ទុកខ្លួន ជាអ្នកបម្រើប្រជាជន ដោយប្រកាន់ខ្ជាប់ នូវពាក្យស្លោក ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល»

ក្នុងពិធីនោះ ក៏បានជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ច អនុវត្តឲ្យមានប្រសិទ្ធភាពនូវ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទប់ស្កាត់ឲ្យបាននូវអំពើឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ និងការសេពគ្រឿងញៀន នៅមូលដ្ឋានរបស់ខ្លួន។ ជាពិសេសខិតខំ រក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យ បានល្អក្នុងពេលចុះឈ្មោះបោះឆ្នោត។

លោកទេសរដ្ឋមន្រ្តី ក៏បានជំរុញឲ្យធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា ហើយក្នុងករណីពុំទាន់មាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបានបាត់ ឬខូច ត្រូវជំរុញ និងជួយគាំទ្រដល់ប្រជាពលរដ្ឋ ទៅបំពេញបែបបទស្នើសុំឯកសារ បញ្ជាក់អត្តសញ្ញាណ សម្រាប់ការចុះឈ្មោះបោះឆ្នោត នៅសាលាឃុំឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលមកពី គណបក្សប្រជាជនរូបនេះ ក៏បានជំរុញដល់ក្រុមការងារ និង ក្រុមប្រឹក្សាឃុំ ជំរុញប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងត្រូវខិតខំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធដល់ ការចុះឈ្មោះបោះឆ្នោត ដល់សមាជិកក្រុមការងារ មន្រ្តី និងសកម្មជនគណបក្ស ដើម្បីលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់៕