Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមមេធាវី និងលោក​ កឹម សុខា មិនចូលរួមសវនាការ នៅតុលាការ កំពូលព្រឹកនេះទេ

02-09-2016 08:45

(ភ្នំពេញ)៖ ក្រុមមេធាវី និង លោក​ កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នឹងមិនចូលខ្លួននៅសវនាការតុលាការកំពូល នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះទេ ក្រោយដាក់ពាក្យស្នើសុំពន្យារពេលសវនាការ កាលពីថ្ងៃទី៣១ ខែសីហា។ ប៉ុន្តែទោះជាយ៉ាងណា តុលាការកំពូលមិនទាន់សម្រេចចំពោះរឿងពន្យារនេះនៅឡើយទេ។ នេះបើតាម លោក សំ សុគង់ មេធាវីរបស់ លោក កឹម សុខា។

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ មហាអយ្យការអមតុលាការកំពូល បានចេញដីកាមួយ កោះហៅ លោក កឹម សុខា ឱ្យចូលខ្លួនក្នុងសវនាការ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងនាមជាម្ចាស់បណ្តឹងសារទុក្ខ ដែលលោក កឹម សុខា និង មេធាវី ប្តឹងចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញថា មិនបានបំពេញកិច្ចក្នុងការស៊ើបសួរមួយចំនួន។

លោក សំ សុគង់ បានឱ្យដឹងថា «ដោយសារតែការកោះហៅហ្នឹង បើយើងពិនិត្យមើលទៅលើគតិច្បាប់ទៅ អត់ទាន់ត្រឹមត្រូវផ្លូវច្បាប់ ដោយសារខាងក្រុមមេធាវី ក៏ដូចជាកូនក្តីបានទទួល ដីការកោះនេះមានរយៈពេលខ្លី ហើយកាលពី២-៣ ថ្ងៃមុននេះ មេធាវីបានដាក់ពាក្យសុំពន្យារពេលសវនាកំពូលនៅថ្ងៃនេះ អញ្ចឹងថ្ងៃនេះក្រុមមេធាវីទាំងអស់ និងកូនក្តី មិនទៅចូលរួមសវនាការទេ»

លោក កឹម សុខា ត្រូវបានតុលាការរកឃើញថា បានល្មើសនឹងច្បាប់ព្រហ្មទណ្ឌថ្មីមួយទៀត ពាក់ព័ន្ធនឹងការមិនចូលខ្លួនឆ្លើយបំភ្លឺ ក្នុងនាមជាសាក្សី នៃរឿងសញ្ចារកម្ម ជុំវិញរឿងអាស្រូវរវាងលោក និង កញ្ញា​ ខុម ចាន់តារាទី ហៅស្រីមុំ។ តុលាការចាត់ទុកថានេះជាការមិនសហការ ហើយចោទប្រកាន់លោក កឹម សុខា ពីបទ​ «មិនចូលខ្លួន»។ សវនាការនៃអង្គសេចក្តី ដែលកាត់ទោសចំពោះសំណុំរឿងមិនចូលខ្លួនរបស់ លោក កឹម សុខា​ នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។ បទល្មើសនេះ ក៏ប្រឈមនឹងការជាប់ពន្ធនាគារពី១ខែ ដល់៦ខែផងដែរ៕