Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រេស៊ីល៖ ទីបំផុតលោកស្រី Dilma Rousseff ត្រូវបានបញ្ចប់តំណែងជាផ្លូវការ ខណៈលោក Michel Temer ឡើងបន្ត

01-09-2016 09:55

(ប្រេស៊ីល)៖ ទីបំផុតលោកស្រី Dilma Rousseff ដែលជាប្រធានាធិបតីស្ថិតនៅក្នុងការព្យួរអំណាច ត្រូវបាន ព្រឹទ្ធសភាសម្រេចដកលោកស្រី ចេញពីតំណែងជាផ្លូវការតែម្តង រួមជាមួយនឹងគណបក្សឆ្វេងនិយមរបស់ លោកស្រី ដែលបានកាន់អំណាចតមក ១៣ឆ្នាំ ក្រោយពីរកឃើញថាបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា។

សមាជិកព្រឹទ្ធសភាសរុប ៦១នាក់ បានបោះឆ្នោតគាំទ្រការដកលោកស្រី ចេញពីតំណែងជាផ្លូវការ ខណៈសមាជិកតែ ២០រូបប៉ុណ្ណោះដែលប្រឆាំងនឹងរឿងនេះ ដែលមានវាន័យថាសំឡេងសរុបរហូតដល់ទៅ ២ភាគ៣ ឯណោះដែលមិនបានគាំទ្រលោកស្រី ក៏ព្រោះតែពួកគេបានឯកភាពតាមការចោទប្រកាន់ថា ប្រធានាធិបតីរូបនេះ ពិតជាបានធ្វើការក្លែងបន្លំខ្ទង់ថវិកាជាតិ ដើម្បីបិទបាំងភាពទន់ខ្សោយរបស់ខ្លួន។

គួរបញ្ជាក់ថា លោក Michel Temer បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីរួចមកហើយ ដោយលោក នឹងបន្តកាន់តំណែងជំនួសលោកស្រី Rousseff រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩៕