សហភាពស្មារតីយុវជន ដើម្បីការងារកម្ពុជាចុះពន្យល់កម្មករ តាមរោងចក្រពីរបៀប ចុះឈ្មោះបោះឆ្នោត
30-08-2016 16:57
(ភ្នំពេញ)៖ លោក មុំ សៀក ប្រធានសហភាពស្មារតីយុវជន ដើម្បីការងារកម្ពុជា និងជាប្រធានសហព័ន្ធសហជីព ស្មារតីកម្មករខ្មែរបានដឹកនាំ ក្រុមការងារចុះសួរសុខទុក្ខ និងពន្យល់កម្មករ កម្មការិនីអោយយល់ដឹង បន្ថែមពីរបៀបនៃការទៅចុះឈ្មោះបោះឆ្នោត ដែលនឹងឈានមកដល់ នៅពេលខាងមុខនេះ។
ការចុះសួរសុខទុក្ខ និងពន្យល់ដល់កម្មករ កម្មការិនីពីរបៀបទៅចុះឈ្មោះបោះឆ្នោតនេះ បានប្រព្រឹត្តទៅនៅ រសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៦នេះនៅរោងចក្រកាត់ដេរ សំលៀកបំពាក់ប៊ឺរី ដែលមានទីតាំង នៅក្នុងខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ លោក មុំ សៀក បានសំណូមពរ សូមអោយបងប្អូនទាំងអស់ត្រូវនាំគ្នា ទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាផងដែរ ជាពិសេសត្រូវនាំគ្នាស្វែងយល់ អោយបានច្បាស់ពេលនាំគ្នា ទៅចុះឈ្មោះបោះឆ្នោត ដោយទៅចុះឈ្មោះដោយផ្ទាល់ខ្លួនឯង។
ជាការឆ្លើយតប កម្មករកម្មការិរីទាំងអស់បានថ្លែងអំណរគុណ ដល់ប្រធានសហភាព និងសហព័ន្ធសហជីព ដែលបានឆ្លៀតឱកាស ចុះមកសួរសុខទុក្ខ និងពន្យល់អោយបានយល់ពី របៀបទៅចុះឈ្មោះបោះឆ្នោត នាពេលខាងមុខនេះ ហើយពួកគាត់សន្យាថានឹងនាំគ្នា ទៅចុះឈ្មោះបោះឆ្នោត អោយបានគ្រប់ៗគ្នា៕