ប្រេស៊ីល៖ ក្រុមអ្នកគាំទ្រ លោកស្រី Dilma Rousseff ប៉ះទង្គិចជាមួយប៉ូលិស និងម្នាក់ត្រូវបានចាប់ខ្លួន
30-08-2016 10:06
(សៅប៉ូឡូ)៖ ក្រុមអ្នកគាំទ្រប្រធានាធិបតី ដែលត្រូវបានសភាព្យួរអំណាច លោកស្រី Dilma Rousseff បានប្រមូលផ្តុំគ្នាតវ៉ា នៅទីក្រុងសៅប៉ូឡូ របស់ប្រទេសប្រេស៊ីល ប៉ុន្តែវាមិនបានប្រព្រឹត្តទៅ ដោយរលូននោះ ឡើយ ដោយកងកម្លាំងប៉ូលិសបានធ្វើការរារាំង និងឈានទៅដល់ការប៉ះទង្គិចគ្នា នាំឲ្យបាតុករម្នាក់ ត្រូវចាប់ខ្លួន។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០១៦។
ការតវ៉ាខាងលើនេះ គឺត្រូវបានរៀបចំឡើងនៅអំឡុងពេលដែលលោកស្រី Rousseff បានចូលទៅធ្វើការ ស្រាយបំភ្លឺចំពោះពាក្យបណ្តឹង នៅថ្ងៃចន្ទ ក្នុងព្រឹទ្ធសភា ដោយលោកស្រីបានច្រានចោល នូវរាល់ការចោទប្រកាន់ទាំងអស់ ក្នុងពេលធ្វើការស្រាយបំភ្លឺនៅក្នុងព្រឹទ្ធសភាជាតិនោះតែម្តង។
ការច្រានចោលខាងលើនេះបានធ្វើឡើង បន្ទាប់ពីមានមតិមួយចំនួន ជាពិសេសបក្សប្រឆាំងបានចោទលោកស្រីថា បានធ្វើការក្លែងបន្លំតួលេខនៃថវិកាជាតិដើម្បី ជាការបិទបាំងនូវឱនភាពថវិកា ដែលបានកើនឡើង។ ចំពោះការចោទប្រកាន់ទាំងនេះលោកស្រី បានវាយបកវិញថា វាគ្រាន់តែជាការចោទប្រកាន់តាមនីតិវិធីច្បាប់ ដើម្បីឲ្យលោកស្រីពាក់ព័ន្ធរឿងក្តី ហើយមនុស្សមួយចំនួនទៀតនោះ គឺចង់ធ្វើរដ្ឋប្រហារទម្លាក់លោកស្រីចេញពីតំណែងតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រោយពីរយៈពេលខ្លីដែលលោកស្រីត្រូវបានសភាសម្រេចព្យួរតំណែងនោះ លោកស្រី ទើបបានឡើងធ្វើការបកស្រាយក្នុងសភាជាថ្មីនៅព្រឹកថ្ងៃចន្ទ (ពេលវេលាម៉ោងអាមេរិកឡាទីន) ចំពោះមុខ ការចោទប្រកាន់ដែលមិនទាន់បានការកាត់ក្តីរួចរាល់។ ព្រឹទ្ធសភានឹងធ្វើការបោះឆ្នោតនៅអំឡុងសប្តាហ៍ នេះដើម្បីសម្រេចថាតើលោកស្រី Rousseff នឹងត្រូវដកចេញពីតំណែងតែម្តង ឬ ក៏ប្រគល់តំណែង ប្រធានាធិបតីស្របច្បាប់នេះឲ្យលោកស្រីវិញ៕