Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK មានអតិថិជនកើនដល់ជាង៥០ម៉ឺននាក់

26-08-2016 10:50

(ភ្នំពេញ)៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០១៦នេះ មានអតិថិជនសរុបជាង៥០ម៉ឺននាក់ នៅទូទាំងប្រទេស កំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០០៤ មក អេ អឹម ខេ មានការអភិវឌ្ឍន៍រីកចម្រើន ជាលំដាប់ទាំងតំបន់ប្រតិបត្តិការ ផលិតផល/សេវាកម្ម និង ជាពិសេសចំនួនអតិថិជន មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

នៅក្នុងឆ្នាំ២០១២ អេ អឹម ខេ មានអតិថិជនត្រឹមតែជាង៣១ម៉ឺននាក់តែប៉ុណ្ណោះ ប៉ុន្តែចំនួនអតិថិជនបានកើន ឡើងដល់ជាង៤១ម៉ឺននាក់នៅក្នុងឆ្នាំ២០១៤ និងកើនឡើងដល់ជាង ៤៤ម៉ឺននាក់នៅក្នុងឆ្នាំ២០១៥។

ការកើនឡើង អតិថិជនដ៏ច្រើននេះ សបញ្ជាក់ឲ្យឃើញអំពីការខិតខំប្រឹងប្រែងរបស់ អេ អឹម ខេ ក្នុងការគ្រប់គ្រង និងដឹកនាំល្អប្រកប ដោយវិជ្ជាជីវៈ ស្របទៅនឹងទស្សនវិស័យរបស់ខ្លួន ជាពិសេសការតាំងចិត្តខ្ពស់ របស់បុគ្គលិកក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលសមស្រប និងទៅតាមតម្រូវការរបស់អតិថិជន។ ជាការឆ្លើយតប អតិថិជនពេញចិត្តយ៉ាងខ្លាំងចំពោះផលិតផល និងសេវាកម្មរបស់ អេ អឹម ខេ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានឲ្យដឹងថា «ពីមួយឆ្នាំទៅមួយឆ្នាំ អតិថិជនរបស់ អេ អឹម ខេ តែងតែមានការកើនឡើងជាបន្តបន្ទាប់។ នេះដោយសារតែ អេ អឹម ខេ ដើរលើទស្សនវិស័យដ៏ត្រឹមត្រូវ និងស្មារតីសាមគ្គីជាធ្លុងមួយ ចាប់ពីក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង រហូតដល់បុគ្គលិកគ្រប់ជាន់ថ្នាក់នៅតាមបណ្តាខេត្ត-ក្រុង»។

លោកបានបន្តថា «ដើម្បីបំពេញតម្រូវការអតិថិជន និងដើម្បីដើរឲ្យទាន់ការរីកចម្រើនរបស់វិស័យមីក្រូហិរញ្ញវត្ថុបច្ចុប្បន្ន អេ អឹម ខេ តែងតែបង្កើតផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗដ៏សម្បូរបែប ជាពិសេសផ្តោតទៅលើការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ»។

លោកបានបន្ថែមថា «អ្វីដែលយើងចង់ឃើញបំផុតនោះគឺ អតិថិជនមានជីវភាពកាន់តែធូរធារ ទន្ទឹមនឹង អេ អឹម ខេ ក៏មានការរីកចម្រើនដែរ»៕