ម្ចាស់ផ្ទះវេរប្រាក់វីងមួយកន្លែង នៅក្រុងបាត់ដំបង ត្រូវជនសង្ស័យ២នាក់ ឆ្ពឹនភ្នែកយកលុយ១៧ដុល្លារ ដូរយកលុយជិត៨លានរៀលទៅបាត់
24-08-2016 20:57
(បាត់ដំបង)៖ ជនស្ស័យ២នាក់ បានប្រើល្បិចបោកប្រាស់ ធ្វើសកម្មភាពបន្លំយកប្រាក់ ពីម្ចាស់ផ្ទះវេរប្រាក់វីង បានសម្រេចមួយកន្លែង ក្នុងក្រុងបាត់ដំបង ចំនួន១៧០០ដុល្លារ គេចដោយសុវត្តិភាព។
បុរសសង្ស័យ២នាក់នោះ បានជិះម៉ូតូ១គ្រឿងចំណាយប្រាក់តែ១៧ដុល្លារ ដោយចេះឆ្ពឹនភ្នែក ធ្វើឲ្យម្ចាស់ហាងវេរប្រាក់វីង ភ្លាត់ស្នៀតបាន។
សមត្ថកិច្ចប្រាប់ឱ្យដឹងថា ម្ចាស់ហាងវេរប្រាក់វីង ដែលជាជនរងគ្រោះមាន ឈ្មោះ លឹម ជូឈឹក ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឱ្យដឹងថា នៅ២ រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ មានបុរស២នាក់ ដែលមានវ័យចំណាស់ ទៅហើយពាក់មួកសុវត្ថិភាព បានជិះម៉ូតូ១គ្រឿងឌុបគ្នា មកកន្លែងហាងវេរប្រាក់របស់គាត់។ ដោយប្រាប់គាត់ថា មកវេរប្រាក់ផង មកបើកប្រាក់វីងផង និង មកដូរប្រាក់ថែមទៀត។ សកម្មភាពពួកគេដោយធ្វើយ៉ាងណាឱ្យគាត់ម្ចាស់ហាងវេរ និងដូរប្រាក់រងគ្រោះ រវល់វក់វីភ្លេចខ្លួន និងបន្លំថា ដូរប្រាក់១៧០០ដុល្លារ ដូរយកលុយរៀល។
ជនរងគ្រោះក៏បានផ្តល់ប្រាក់ សរុបបានចំនួន ៦លាន៩៧ម៉ឺនរៀល និងបានយកប្រាក់ដុល្លា១៧០០ដុល្លារ យកមកដាក់ទូ ខណៈនោះពួកគេក៏ធ្វើជាលេសថែមទៀត ចង់ដូរប្រាក់បន្ថែម និងចង់វេរប្រាក់ និងដកប្រាក់ទៀតផង ពេលបន្លំយកបានហើយ ជនសង្ស័យទាំង២នាក់នោះ ក៏ជិះម៉ូតូចេញគេចខ្លួនបាត់។
លុះមួយសន្ទុះក្រោយមកម្ចាស់ ហាងវេរប្រាក់យកប្រាក់ទាំងនោះចេញ ពីក្នុងទូ យកមករាប់ឡើងវិញ ក៏ស្រាប់តែឃើញក្រដាស់ប្រាក់១៧០០ដុល្លារទាំងនោះ សុទ្ធតែក្រដាសប្រាក់ប្រភេទ១ដុល្លារចំនួន១៧សន្លឹក ស្មើនឹង១៧ដុល្លាទៅវិញ ឃើញបែបនោះម្ចាស់វេរប្រាក់រងគ្រោះ រន្ធត់ចិត្តស្ទើរតែសន្លប់ទាំងជំហរ។
ភ្លាមៗនោះដែរ កម្លាំងកងអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះទៅកាន់ទីតាំងកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាព និងពិនិត្យលើរូបភាព ដើម្បីកំណត់មុខសញ្ញាឆបោកនេះផង។
បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យទាំង២នាក់ ដែលមានរូបតាមកាមរ៉ាសុវត្ថិភាព ថតបានតាមក្រោយ៕