Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលក្រុង៖ ប្រជាជនអ៊ីតាលីជាច្រើននាក់ កំពុងជាប់ក្រោមគំនរ អគារដែលបាក់រលំ ក្រោយកើតមានរញ្ជួយដីដ៏កក្រើក

24-08-2016 10:59

(រ៉ូម)៖ គ្រោះរញ្ជួយដីកម្រិត ៦,៤ នៃរង្វាស់រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាល និងខាងត្បូង អ៊ីតាលី នៅព្រឹកថ្ងៃ​ពុធនេះ បានបណ្តាលឲ្យអាគារជាច្រើនដួលរលំ ក្នុងនោះប្រជាជនជាច្រើន បាននិងកំពុងជាប់នៅក្នុងគំនរ អគារ ខណៈប្រជាជនជាច្រើនទៀតបានរត់ចេញពីលំនៅឋាន និងអគារមករកទីវាលមានសុវត្ថិភាព។ នេះបើតាមការផ្សាយ របស់សារព័ត៌មានអឺរ៉ុប CBC នាព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦។

គ្រោះរញ្ជួយដីបានកើតឡើង នៅពេលវេលាម៉ោង ៣៖៣៦ នាទី ទៀបភ្លឺម៉ោងនៅទីក្រុងរ៉ូម ដែលស្ថិតនៅចម្ងាយ ៧៦គីឡូម៉ែត្រ នៃទីក្រុងភាគខាងត្បូងឈាងខាងកើតប្រទេស ហើយវាបានញ័រចេញពីក្នុងដី ជម្រៅតែ ១០គីឡូម៉ែត្រប៉ុណ្ណោះ។ ដោយឡែកនៅទីក្រុងរ៉ូមវិញ អគារមួយចំនួនបានញាប់ញ័រ រយៈពេល ២០វិនាទី។ ខណៈនេះក្រុមសង្គ្រោះកំពុងព្យាយាម ជីកកកាយអគារបាក់បែកដើម្បី សង្គ្រោះមនុស្សដែលជាប់នៅក្នុងនោះ។

អភិបាលក្រុង Amatrice ក្បែរទីក្រុង Rieti លោក Sergio Perozzi បានប្រាប់សារព័ត៌មានក្នុងស្រុកថា អគារជាច្រើន នៅក្នុងទីក្រុងបានដាច់ចរន្តអគ្គិសនី ហើយភាពងងឹត និងត្រជាក់កំពុងតែបន្ត។ មនុស្សភាគច្រើនដែលរងរបួស មិនទាន់ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យនៅឡើយទេ ក៏ព្រោះតែពីដំបូងមានការយឺតយ៉ាវ ក្នុងការប្រកាសអាសន្ន។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០០៩ គ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានវាយប្រហារតំបន់ដដែលនេះ បានសម្លាប់ មនុស្សរហូតដល់ទៅជាង ៣០០នាក់ឯណោះ៕