Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ចេង ប៉េងហាប់ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវី ស៊ីភីអេច បាននាំយកថវិកាមួយចំនួនប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា

02-12-2023 18:50

(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ លោក ចេង ប៉េងហាប់ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវី ស៊ីភីអេច (CPH LAW GROUP) និងសហការី បាននាំយកថវិកាចំនួន 5,000,000 (ប្រាំលាន) រៀល ប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។

ក្នុងឱកាសនោះផងដែរ លោកមេធាវីបានគោរពថ្លែងអំណរគុណ និងកោតសរសើរ ដល់ស្ថាបនិក ថ្នាក់ដឹកនាំនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានខិតខំប្រឹងប្រែងកៀរគររកមូលនិធិ ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ជាពិសេសក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកុមារគន្ធបុប្ផាទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ដ ស្មារតី និងពេលវេលា តស៊ូ សង្គ្រោះជីវិតកុមារកម្ពុជាជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ។

ការបរិច្ចាគរបស់ក្រុមមេធាវី ស៊ីភីអេច នៅថ្ងៃនេះ គឺជាការចូលរួមចំណែករក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារ គន្ធបុប្ផា ក្នុងការបន្តបេសកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ដោយឥតគិតថ្លៃ ដើម្បីផ្តល់ស្នាមញញឹមដល់កុមារកម្ពុជា និងជាការជួយទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុងទស្សនៈវិស័យកុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

ជាចុងក្រោយ លោកបានថ្លែងថា «ក្រុមមេធាវី ស៊ីភីអេច នឹងបន្ដគាំទ្រ និងកៀរគរថវិកាពីសប្បុរសជននានា ជាពិសេសសមាជិកនៃក្រុមមេធាវី ស៊ីភីអេច ដើម្បីផ្តល់ជូនមូលនិធិគន្ធបុប្ផា ជាបន្តបន្ទាប់ នាពេលខាងមុខ»។