Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បាត់គោ៣ក្បាល បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ, ម្ចាស់គោទទូចសុំឲ្យ អាជ្ញាធរជួយអន្តរាគមន៍

11-08-2016 16:02

(ពោធិ៍សាត់)៖ គោញី៣ក្បាល របស់ប្រជាពលរដ្ឋ ត្រូវបានចោរលួចពីចំណង នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្រោល គោជិតផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិដូងជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានប្រជាពលរដ្ឋទទូចសុំឲ្យអាជ្ញាធរ ជួយចាត់វិធានការទប់ស្កាត់ សកម្មភាពចោរកម្ម ដ៏គួរឲ្យព្រួយបារម្មណ៍នេះផងដែរ។

លោក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ភិនភាគគោដែលត្រូវចោរលួច ពីចំណង៣ក្បាលនោះមាន គោញី អាយុ៥ឆ្នាំ ស្វែងពង សម្បុរចំប៉ា១ក្បាល រួមនឹងកូន អាយុ៦ខែ សម្បុរចំប៉ាដូចគ្នា១ក្បាល និងគោញីផើម អាយុ៣ឆ្នាំ សម្បុរចំប៉ា ស្នែងពក១ក្បាលទៀត ជាកម្មសិទ្ធិរបស់ឈ្មោះ ម៉ាត់ ឡុង ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការរងបានបន្តថា ក្រោយពេលទទួលបានព័ត៌មាន កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅពិនិត្យកន្លែងកើត ឃើញថាពិត ជាបានបាត់គោញី៣ក្បាល ពិតប្រាកដមែន។ ក្រោយមកលោកបានប្រជុំដាក់ចេញនូវវិធានការ ក្នុងការបែងចែកកម្លាំងនគរបាល និងប្រជាការពារ ដើម្បីចុះប្រតិបត្តិការបង្ក្រាបជនល្មើសឲ្យបានទាន់ពេលវេលា ជាការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ៕