Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរដ្ឋមន្ត្រីធម្មការ ចែកអំណោយ ១០០គ្រួសារ និង ផ្តល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន ២អណ្ដូង

23-09-2023 21:16

(ត្បូងឃ្មុំ)៖ លោក ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាង លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅ ថ្ងៃសុក្រម្សិលមិញ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយ ជាសម្ភារ គ្រឿងឧបភោគ បរិភោគចំនួន ១០០គ្រួសារ និងផ្តល់ អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេសចំនួន ២អណ្ដូង នៅខេត្តត្បូងឃ្មុំ។

ការចែកអំណោយ ក្រោមការចូលរួមដោយ លោកស្រី ខឹម បុប្ផា នាយកប្រតិបត្តិ សមាគមបេសកកម្មដំណឹងល្អ និងជានាយិកា ក្រុមហ៊ុនប៊ីម៉ារៀលអុីស្ទេត ឯ.ក និង លោក ហាក់ ហ៊ុន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តត្បូងឃ្មុំ រួមអាជ្ញាធរមូលដ្ឋាន។

នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ លោកអនុរដ្ឋលេខាធិការ បាននាំក្ដីនឹករលឹក គោរពស្រលាញ់របស់ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា ពីការដឹកនាំ ការគោរពស្រលាញ់គ្នា ទៅវិញទៅមក ដោយរួមរស់ក្នុងម្លប់សន្តិភាព នូវស្នាមញញឹម និងភាពរីករាយ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពីព្រោះយើង គឺជា ខ្មែរ យើងគឺតែមួយ ហើយអ្វីដែលយើងធ្វើ សុទ្ធតែដើម្បីប្រទេសជាតិ និងការអភិវឌ្ឍ ដោយរក្សានូវការរួមសាម្គីភាព ។

ជាពិសេស គឺគោរពតាម គោលនយោបាយរបស់ គណៈបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលជានិច្ចជាកាលតែងតែ ណែនាំដល់មន្រ្តីគ្រប់រូប គឺត្រូវចុះ សំណេះសំណាលសួរសុខទុក្ខ និងជួយឲ្យបានទាន់ពេល ដែលជាភាពចាំបាច់ របស់ប្រជាជនក្នុងសហគមន៍ ក្រោមដំបូលសុខសន្តិភាព ស្ថិរភាពនយោបាយ នៅកម្ពុជា និងការធានា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំ កែសម្រួល ធ្វើយ៉ាងណា ដើម្បីបម្រើដល់សេចក្ដីត្រូវការជាក់ស្ដែង របស់ប្រជាជននៅតាមមូលដ្ឋាន។

អណ្ដូងស្នប់ទឹកស្អាត និងអំណោយ ជាសម្ភារ គ្រឿងឧបភោគ ត្រូវបានចែក នៅទីតាំងដូចខាងក្រោម៖

១៖ ភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែ ខេត្តត្បូងឃ្មុំ
ទទួលបាន អណ្ដូងស្នប់ ចំនួន១ រួម អំណោយ ជាសម្ភារ គ្រឿងឧបភោគចំនួន៥០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ចំនួន១០ គីឡូក្រាម មី១កេះ ត្រីខ ១យួរ ទឹកត្រី ១យួរ និងអង្ករអាហាររូបត្ថម្ត ចំនួន៥គីឡូក្រាម។

២៖ ភូមិស្រម៉ ឃុំទឹកជ្រៅ ស្រុកតំបែ ខេត្តត្បូងឃ្មុំ
ទទួលបាន អណ្ដូងស្នប់ ចំនួន១ រួម អំណោយ ជាសម្ភារ គ្រឿងឧបភោគចំនួន៥០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ចំនួន១០ គីឡូក្រាម មី១កេះ ត្រីខ ១យួរ ទឹកត្រី ១យួរ អង្ករអាហាររូបត្ថម្ត ចំនួន៥គីឡូក្រាម។

សមាគមបេសកកម្មដំណឹងល្អ ជាសមាគមរបស់គ្រីស្ទសាសនិក ក្នុងប្រទេស និងក្រៅប្រទេស ដែលចូលរួមគ្នាបរិច្ចាគ ជាថវិកា នឹងការអធិដ្ឋាន ដើម្បីចូលរួមជួយដល់ប្រជាជន តាមសហគមន៍និមួយៗ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹក ប្រើនៅរដូវប្រាំង និង ចែកអំណោយ សម្រាបចាស់ជរា ស្ត្រីមេម៉ាយ និងអ្នកងាយរងគ្រោះផ្សេងៗ ៕