Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច ហេង សំរិន ថ្លែងអំណរគុណ រដ្ឋាភិបាល និងប្រជាពលរដ្ឋចិន ដែលជួយជ្រោមជ្រែងដល់កម្ពុជា នាពេលកន្លងមក

10-08-2016 14:29

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណ រដ្ឋាភិបាល និងប្រជាពលរដ្ឋចិន ដែលជួយដល់កម្ពុជា នាពេលកន្លងមក ទាំងការជួយឧបត្ថម្ភផ្តល់ជំនួយ និងការចូលរួមសហការលើគ្រប់វិស័យ និងជាពិសេសនោះ នៅតែពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ បានយ៉ាងជិតស្និទជាមួយកម្ពុជា។

សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់បែបនេះ ខណៈសម្តេច បានអនុញ្ញាតឲ្យលោកស្រី ប៊ូរ ជៀនគូរ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​នៅកម្ពុជា ចប់អាណត្តិ ជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។

ជាការឆ្លើយតប លោកស្រី ប៊ូរ ជៀនគូរ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ដែលបានបញ្ចប់អាណត្តិនៅកម្ពុជា បានប្រាប់ឲ្យដឹងថា លោកស្រី ពិតជាមានមោទនាភាព ជាខ្លាំង ដែលបានបំពេញការងាររយៈពេល៣ឆ្នាំនៅកម្ពុជា។ លោកស្រី ថា ក្នុងរយៈពេល៣ឆ្នាំ ដែលបានបំរើការងារនៅកម្ពុជា លោកស្រី ទទួលបានបទពិសោធន៍ជាច្រើន ហើយលោកស្រី ថា កម្ពុជា គឺជាដៃគូដ៏ល្អជាមួយប្រទេសចិន ក្នុងកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាពរវាងកម្ពុជា-ចិន។

លោកស្រី ប៊ូរ ជៀនគូរ ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំកម្ពុជា ដែលបានចូលរួមសហការ ក្នុងការបំពេញការងារ ជាមួយ​ភាគីចិន បានយ៉ាងល្អនាពេលកន្លងមក ជាពិសេសគឺសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដែលតែងតែផ្លៀតពេលវេលាដ៏មានតម្លៃចូលរួមស្ទើគ្រប់កម្មវិធី ដែលរៀបចំដោយប្រទេសចិន។

គួរបញ្ជាក់ថា ប្រទេសចិន គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀត ដែលបានផ្តល់ជំនួយដល់កម្ពុជា។ កន្លងមកភាគីចិន បានបន្តផ្តល់ជំនួយ និងប្រាក់កម្ចីមកកម្ពុជា ជាបន្តបន្ទាប់ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យមួយចំនួននៅកម្ពុជា ឲ្យមានការរីកចំរើន។ នៅពេលដ៏ខ្លីខាងមុខនេះ ប្រទេសចិន នឹងផ្តល់ជាសំភារៈ បរិក្ខារ មកកាន់ប្រទេសកម្ពុជាផងដែរ។

លោកស្រី ប៊ូរ ជៀនគូរ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានបញ្ចប់អាណត្តិបំពេញការងារនៅកម្ពុជាហើយ ​ក្រោយពីបានបំពេញការងារអស់រយៈពេល ៣ឆ្នាំកន្លងមកនេះ លោកស្រី នឹងធ្វើដំណើរត្រលប់ទៅប្រទេសចិនវិញ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ។

យ៉ាងណាក៏ដោយ លោកស្រី ប៊ូរ ជៀនគូរ បានអះអាងឲ្យដឹងថា ទោះបីជាលោកស្រី បានបញ្ចប់ការងារនៅកម្ពុជាក្តី ប៉ុន្តែលោកស្រី នៅតែបន្តការគៃទ្រកម្ពុជា និងរំពឹងថា ទំនាក់ទំនងកម្ពុជា-ចិន នឹងកាន់តែរីកចំរើន និងរឹងមាំជាយូរអង្វែង៕