Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទឹកជន់លិចគ្រប់ប្រាំងគ្រប់វស្សា នៅភូមិចុងថ្នល់ខាងលិច ត្រូវអាជ្ញាធរខណ្ឌដោះស្រាយបញ្ចប់, ពលរដ្ឋសាទរយ៉ាងខ្លាំង

09-08-2016 14:42

(ភ្នំពេញ)៖ បញ្ហានៅមូលដ្ឋាន ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលប្រជាពលរដ្ឋ បានជួបជាច្រើនឆ្នាំមកនេះ គឺបញ្ហាទឹកជំនន់ខួបប្រាំង ខួបវស្សាដែលបណ្តាលមកពី ការកកស្ទះសំរាមនោះ ឥឡូវត្រូវបានបញ្ចប់ហើយ ក្រោយពីអភិបាលខណ្ឌលោក ប៉ិល កុសល ចុះទៅដោះស្រាយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ។

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ លោក ប៉ឹល កុសល បានទៅជួបសំណះសំណាល ជាមួយបងប្អូនរស់នៅភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ដែលបានសំណូមពរ មកសាលាខណ្ឌឲ្យជួយដោះស្រាយ ការជន់ទឹកលិច ខួបប្រាំងខួបវស្សាលំនៅដ្ឋាន របស់ពួកគាត់។

ជាដំណោះស្រាយភ្លាមៗនោះ អភិបាលខណ្ឌសែនសុខរូបនេ បានបញ្ចប់នូវទុក្ខវេទនានេះ ដោយលោកអភិបាល បានបញ្ជាទៅមន្ត្រីជំនាញ សង្កាត់ ខណ្ឌ និងភូមិ យកគ្រឿងចក្រធ្វើការកាយប្រឡាយពី មុខលូដែលមានស្រាប់ រហូតដល់ស្ថានីយ៍បូមទឹកបុរី១០០ខ្នង ប្រវែងប្រហែល៣០០ម៉ែត្រ និងធ្វើការបើកមុខទឹកពីតំបន់ជន់លិចខាងលើ ដើម្បីដោះស្រាយបញ្ហាមួយជំហ៊ានសិន។

ជាការឆ្លើយតបប្រជាពលរដ្ឋ នៅតំបន់នោះ បានបង្ហាញការសាទរ និងអរគុណយ៉ាងខ្លាំងចំពោះលោកអភិបាលខណ្ឌ ដែលបានជួយបញ្ចប់នូវបញ្ហា ដ៏ប្រឈមមួយនេះស្ទើតែពាក់កណ្តាលជីវិត ទៅហើយនោះ៕