Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លទ្ធផលប្រជាមតិចេញមកហើយ! ប្រជាជនថៃភាគច្រើន គាំទ្ររដ្ឋធម្មនុញ្ញដែលបង្កើតឡើងដោយយោធា

07-08-2016 19:40

(បាងកក)៖ យោងទៅលើលទ្ធផលជាបណ្តោះអាសន្ន តែអាចធ្វើការសន្មត់ជារួមបាននោះ ប្រជាជនថៃភាគ ច្រើនក្នុងចំណោម សន្លឹកឆ្នោតដែលរាប់ហើយទាំង ៨០ភាគរយ បានគាំទ្រចំពោះរដ្ឋធម្មនុញ្ញដែល ទើបតែកែសម្រួលជាថ្មីដោយរបបដឹកនាំយោធា ដែលមានលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រី។

អាចនិយាយបានថា ការបោះឆ្នោតធ្វើប្រជាមតិនៅពេញមួយថ្ងៃអាទិត្យនេះ បាននិង កំពុងប្រព្រឹត្តទៅ ប្រកបដោយភាពរលូន និងស្ងប់ស្ងាត់ ក៏ព្រោះតែសន្តិសុខត្រូវបានរឹតបន្តឹង យ៉ាងខ្លាំងក្លាបំផុត ក៏ប៉ុន្តែលទ្ធផល គឺមិនទាន់ចេញមកជាផ្លូវការនោះទេ ដោយវាទំនងជានឹងអាចប្រកាសនៅព្រឹក ថ្ងៃចន្ទ ទី០៨ ខែសីហា ស្អែកនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នាល្ងាចថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០១៦ នេះទៀតថា ការបោះឆ្នោតបានចាប់ផ្តើមចាប់ពីព្រឹកម៉ោង ៨៖០០នាទី ថ្ងៃនេះរហូតដល់ពេល យប់ម៉ោង ៨៖០០នាទី។ ក្នុងនោះលោក ប្រាយុទ្ធ ក៏បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយលោក បានបោះឆ្នោត រួចរាល់នៅសង្កាត់ Phaya Thai ទីក្រុងបាងកកថា «វាជាអនាគតនៃប្រទេសថៃ។ នេះជាលទ្ធិប្រជាធិបតេយ្យ ដូច្នេះអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់សូមមេត្តាចូលរួម»

មុននឹងចាកចេញពីកន្លែងបោះឆ្នោតនោះលោក ប្រាយុទ្ធ បានបញ្ជាក់ថា «តើអ្នកអាចគ្រប់គ្រង ប្រទេសនេះទេ? តើអាចអាចការពារប្រទេសនេះបានទេ?» នៅមុននិងក្រោយការបោះឆ្នោតធ្វើប្រជាមតិ នេះ លោកនាយករដ្ឋមន្ត្រីបានដាក់បម្រាមរួចទៅហើយ ដោយហាមមិនឲ្យពលរដ្ឋបើកវេទិកាប្រមូលផ្តុំ ណាមួយដើម្បីពិភាក្សាអំពីជំពូកថ្មី ដែលមាននៅក្នុងរដ្ឋធម្មនុញ្ញថ្មីឡើយ ហើយកន្លងមកនេះប្រជាជន មួយចំនួនក៏ត្រូវបានចាប់ខ្លួនដោយសារតែ មិនបានអនុវត្តន៍តាមបម្រាមនេះផងដែរ។

គួរបញ្ជាក់ថា អ្វីដែលជាភាពក្តៅគគុកសម្រាប់ការខ្សឹបខ្សៀវគ្នាក្នុងសង្គមថៃនោះ គឺការបង្កើនឥទ្ធិពល របស់យោធាក្នុងស្ថាប័នកំពូលៗរបស់រដ្ឋដោយចេញមុខ ដូចជាការទាមទារឲ្យមានអសនៈ ៦ នៅក្នុងព្រឹទ្ធសភាដោយស្វ័យប្រវត្តិដល់មេបញ្ជាការយោធា ដើម្បីធ្វើការត្រួតពិនិត្យការងាររបស់ តំណាងរាស្ត្រជាប់ឆ្នោត និង បង្កើនឥទ្ធិពលយោធាលើប្រព័ន្ធតុលាការផងដែរ ព្រោះតែកន្លងមក តុលាការត្រូវបានយោធាចោទថា មានភាពលម្អៀងក្នុងការកាត់ក្តីរឿងនយោបាយ។

ងាកមកមើលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលនៅតែជាស្ត្រីដ៏គួរឲ្យចាប់អារម្មណ៍បំផុតក្នុងរបត់ នយោបាយថៃនោះ ត្រូវបានយោធារារាំងក្នុងការចូលប្រឡូកឆាកនយោបាយរយៈពេល ៥ឆ្នាំឯណោះ គិតចាប់តាំងពីខែមករា ឆ្នាំ២០១៥ ខណៈបញ្ហាបណ្តឹងលើកម្មវិធីទិញស្រូវ ដែលបរាជ័យទៅលើ ប្រជាកសិករក៏នៅតែអូសបន្លាយមកដល់ពេលនេះ ប៉ុន្តែលោកស្រីក៏បានមកចូលរួមបោះឆ្នោតផងដែរ នៅថ្ងៃអាទិត្យនេះ ក្នុងនាមជាពលរដ្ឋពេញសិទ្ធិមួយរូប។

គួរបញ្ជាក់ថា នៅក្នុងការស្ទង់មតិលើមនុស្សជាង ៥,០០០នាក់ទូទាំងទូទាំងប្រទេសថៃ កាលពីដើមសប្តាហ៍មុនការបោះឆ្នោតនេះ គឺ ៧៦,៨៧ភាគរយ គាំទ្ររដ្ឋធម្មនុញ្ញថ្មី ខណៈតែ ១៨,៦៨ភាគរយប៉ុណ្ណោះដែលប្រឆាំង៕