Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ណែមសាច់ត្រី​មាន​សារធាតុគីមី ដាក់លក់​នៅផ្សារ​ដើមគរ ត្រូវមន្ត្រីកាំកុងត្រូល​ដកហូត​បាន ៤៣គីឡូក្រាម

05-08-2016 15:02

(ភ្នំពេញ)៖ ដោយមានការណែនាំពី លោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ នៅព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៦ បានចាត់តាំងលោក គង់ វុទ្ធី អនុប្រធាសាខាកាំកុងត្រូលផែស្ងួតសាខារាជធានីភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទួលគោក ចុះត្រួត្យពិនិត្យទំនិញទូទៅ និងពន្យល់ណែនាំអាជីវករ ដែលក់ដូរចំណីអាហារ នៅផ្សារដើមគរ ឲ្យយល់ដឹងអំពីសុវត្ថិភាព ចំណីអាហារ អនាម័យ របៀបតាំងលក់ និងធ្វើតេស្តត្រួត្យពិនិត្យទៅលើផលិតផល នានាដែលដាក់លក់នៅក្នុងផ្សារបន្លែមួយនេះ។

ជាលទ្ធផល មន្រ្តីជំនាញបានរកឃើញណែមសាច់ត្រីបាត់ដំបង មានលាយបន្ថែម នូវសារធាតុគីមីហាមឃាត់ Borax។

ដោយសារតែមានណែមមានសារធាតុគីមីខាងលើនេះ កម្លាំងជំនាញបានធ្វើការដកហូតសរុបបានចំនួន ៤៣គីឡូក្រាម និងឲ្យបញ្ឈប់ការទទួលលក់ជា បណ្តោះអាសន្នសិនរង់ចាំខាងសិប្បកម្ម ធ្វើការកែប្រែគុណភាពណែម សាច់ត្រីឲ្យបានល្អទើបបន្តឲ្យលក់វិញ។

ជាមួយគ្នានោះ លោក គង់ វុទ្ធី បានអំពាវនាវដល់អាជីវករ អ្នកផលិត អ្នកចែកចាយបញ្ឈប់ការលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ Borax និងការទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ លោកក៏បានបញ្ជាក់ថា ផលប៉ះពាល់សារធាតុគីមី Borax នៅក្នុងណែមខាងលើនេះ អាចធ្វើឲ្យអ្នកបរិភោគ ប៉ះពាល់ដល់ក្រលៀន រលាកក្រពះ និងពោះវៀន។ ចំពោះមនុស្សចាស់ 15g និងសំរាប់កុមារ 5g នៃBorax អាចបណ្តាលឲ្យក្អូតឈាម និងស្លាប់ក៏ថាបាន៕