Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចចម្រុះ ចុះចាប់រថយន្ដ​សាំងយ៉ុង ដឹកជន្លង់​ម្រេច​១០គ្រឿង រហូតបង្ក​អំពើហិង្សា ផ្អើលពេញក្រុង​ក្រចេះ (Video Inside)

03-08-2016 14:20

(ក្រចេះ)៖ រថយន្ដសាំយ៉ុងដឹកជន្លង់ម្រេច១០គ្រឿង តែងតែបើកបិទគ្នារេពេញផ្លូវបង្កភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋនោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្ត អាវុធហត្ថក្រុងក្រចេះ សហការជាមួយសង្កាត់ រដ្ឋបាលព្រៃឈើថ្មក្រែ ដឹកនាំដោយ លោកទ្រី ម៉េងលាង នាយរងផ្នែករដ្ឋបាលព្រៃឈើក្រចេះ បើកប្រតិបត្តិការចុះបង្ក្រាប និងឃាត់បានចំនួន១០គ្រឿងនា យប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ នៅមុខទីបញ្ជាការដ្ឋានអាវុធហត្ថក្រុងក្រចេះ។

ប៉ុន្តែប្រតិបត្តិការខាងលើនេះ បានឈានទៅដល់ការប្រើអំពើហិង្សាដាក់គ្នា រវាងកងកម្លាំង និងប្រជាពលរដ្ឋជាម្ចាស់រថយន្ត បណ្តាលឲ្យមានអ្នករងរបួសទៀតផង។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្ដ១០គ្រឿង ដឹកជន្លង់ម្រេចនោះ គឺដឹកចេញពីឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឆ្លងកំពង់ចម្លងព្រលូង ដឹកកាត់ខេត្តក្រចេះ បន្ដទៅលក់នៅខេត្តត្បូងឃ្មុំ និងខ្លះទៀតយកទៅលក់ព្រំប្រទល់វៀតណាម។ ជារៀងរាល់ថ្ងៃអ្នកបើករថយន្តទាំងនេះ បានបង្កភាពភ័យខ្លាច ហើយបានបុកគ្នាឯង បណ្ដាលឲ្យរងរបួសធ្ងន់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ពេលក្រុមសមត្ថកិច្ច ឃាត់រថយន្ដទាំងនោះ ស្រាប់តែក្រុមអ្នកដឹកជន្លង់ម្រេចទាំងនោះ ចុះស្រែឡូឡារើជន្លង់ម្រេច ទម្លាក់ចោលគំរាម វាយរថយន្តសមត្ថកិច្ច ហើយបើករថយន្តបំរុងបុករថយន្ត សមត្ថកិច្ចទៀតផង មុនពេលដែលពួកគេ បើក រត់ចេញ ទើបសមត្ថកិច្ចចំរុះ ដេញចាប់ប្រផាប់ប្រផីងបង្កការភ្ញាក់ផ្អើលស្ទើតែពេញក្រុងក្រចេះ។

ទោះជាយ៉ាងណា សមត្ថកិច្ចបានចេញបង្ក្រាបរថយន្ដពីរគ្រឿង រក្សាទុកបណ្ដោះអាសន្ន នៅទីបញ្ជាការដ្ឋានអាវុធហត្តក្រុងក្រចេះ។ លុះម៉ោង៨ព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ ក្រុមអ្នកដឹកជន្លង់ម្រេចជាង៥០នាក់ នាំគ្នាំមកតវ៉ានៅមុខសាលាខេត្តក្រចេះ ដើម្បីសុំឲ្យអាជ្ញាធរខេត្ត ជួយសម្រួលប្រគល់រថយន្ត ឲ្យពួកគាត់វិញ និងជួយចេញថ្លៃព្យាបាលអ្នកដែលរងរបួស ដោយសាររថយន្ដបុកគ្នាឯង ហើយសមត្ថកិច្ចនិយាយថា «នេះជាទម្លាប់ហើយសម្រាប់ខេត្តក្រចេះ ឲ្យតែមានការបង្ក្រាបក្រុមដឹកជន្លង់ម្រេចអនាធិបតេយ្យ ទាំងនោះតែងតែមកបាតុកម្មតវ៉ារហូត»

លោក ជ្រុន សៅ នាយរងសង្កាត់របាលព្រៃឈើថ្មក្រែ បានឲ្យដឹងថា រថយន្ដ និងជន្លង់ម្រេច ដែលចាប់បាន លោកនិងនាំយកទៅស្ថានីយ៍បណ្ដុះកូនឈើខ្សានៅរសៀលនេះ ដើម្បីធ្វើវាស់វែង និងផាកពិន័យតាមផ្លូវច្បាប់៕