កម្លាំងចម្រុះនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះឆែកឆេរសហគ្រាសផលិត និង វេចខ្ចប់ ថ្នាំលាបសក់ Color and Blue Professional សង្ស័យមានជាតិគីមី
03-08-2016 12:27
(ភ្នំពេញ)៖ សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០១៦នេះ បានចុះប្រតិបត្តិការ ឆែកឆេរ សហគ្រាសផលិត និង វេចខ្ចប់ផលិតផលថ្នាំ លាបសក់ខល័រ័ និង ប៊្លូប្រឺហ្វេសិនណល (Color and Blue Professional) សង្ស័យមានជាតិគីមី និងវេចខ្ចប់ផលិតផលថ្នាំ លាបសក់ខុសច្បាប់។
ប្រតិបត្តិការចុះឆែកឆេរខាងលើនេះ ដឹកនាំដោយ លោក លី សុផាណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកឧត្តសេនីយ៍ត្រី អ៊ុំ ម៉ុនី ជាអនុប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជាប្រធានក្រុមប្រតិបត្តិការប្រចាំរាជធានីភ្នំពេញ មន្រ្តីក្រសួងសុខាភិបាលកម្លាំងចម្រុះជាច្រើននាក់ និងមានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ជាច្រើនរូបទៀតផងដែរ ។
គួរបញ្ជាក់ថា សហគ្រាសផលិត និង វេចខ្ចប់ផលិតផលថ្នាំ លាបសក់ខល័រ័ និង ប៊្លូប្រឺហ្វេសិនណល (Color and Blue Professional) មានទីតាំងស្ថិតនៅ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការរបស់សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានធ្វើឡើង ក្រោយពីសង្ស័យថា សហគ្រាសនេះ កំពុងតែផលិត វេចខ្ចប់ និងចែកចាយធ្វើចរាចរណ៍លើទីផ្សារ នូវផលិតផលថ្នាំលាបសក់ ដោយខុសច្បាប់៕