Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គួរឲ្យព្រួយបារម្ភ! វីរុស Zika ៤ករណី ទំនងជាអាច​ចម្លងពីសត្វមូស នៅក្នុងទឹកដីអាមេរិកផ្ទាល់

30-07-2016 09:42

(ផ្លូរីដា)៖ រដ្ឋផ្លូរីដាទំនងជាមានករណីដំបូង នៃវីរុស Zika ដែលចម្លងដោយសត្វមូស នៅលើទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមសម្តីអភិបាលរដ្ឋលោក Rick Scott ដែលត្រូវបាន ដកស្រង់ដោយ​សារព័ត៌មាន​ស៊ិនហួរ​ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ។

មិនទាន់មានសត្វមូសនៅក្នុងរដ្ឋ ត្រូវបានធ្វើតេស្តដឹងថា មានផ្ទុកវីរុស Zika នោះទេ ប៉ុន្តែមានស្រ្តីម្នាក់ និងបុរស៣នាក់ នៅតំបន់ Miami-Dade និងតំបន់ Broward ទំនងជាផ្ទុកវីរ៉ុសនេះ​ដោយសារ​សត្វ មូលខាំ។ នេះបើតាមសម្តីលោក Rick Scott លើកឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Orlando។ 

កន្លងមកនេះ មនុស្ស១,៦៥០នាក់ទៅហើយ ដែលបានឆ្លងវីរ៉ុស Zika នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែអ្នកជំងឺ៤នាក់ នៅក្នុងរដ្ឋ Florida នេះ អាចជាអ្នកជំងឺដំបូង ដែលមិនជាប់ពាក់ព័ន្ធនឹង ក្រុមអ្នកធ្វើដំណើរនៅខាងក្រៅសហរដ្ឋអាមេរិក។

ក្រុមមន្ត្រីសុខាភិបាលជឿជាក់ថា ការចម្លងវីរុសនេះ បានកើតឡើងនៅតំបន់តូចមួយ ភាគខាងជើងនៃ ទីក្រុង Miami នៃស្រុក Wynwood arts ជាស្រុកល្បីល្បាញមួយ នៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នផ្នែក វេជ្ជសាស្ត្ររបស់អាមេរិកកំពុង​តែសស្រាក់សស្រាំយ៉ាងខ្លាំង ក្នុងការស្វែងរកប្រភពដើមនៃវីរុស ដែល ដំបូងឡើងបានរីករាលដាលតែនៅតំបន់អាមេរិកខាងត្បូងនោះ៕