Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកនេះ តុលាការក្រុងភ្នំពេញ បើកសវនាការលើសំណុំរឿង លោក សម រង្ស៊ី បរិហារកេរ្តិ៍សម្តេច ហេង សំរិន

28-07-2016 08:01

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍លើ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ នេះបើតាមការបញ្ជាក់ពី លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។ សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក​ រស់​ ពិសិដ្ឋ​ ជា​ចៅក្រម​ជំនុំជម្រះ​ និង​មានលោក​ វង្ស​ ប៊ុន​វិសុទ្ធ​ ជា​តំណាង​អយ្យការ​។

សំណុំរឿងនេះ ត្រូវបានប្តឹងដោយ លោក គី តិច មេធាវីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីចុងឆ្នាំ២០១៥ បន្ទាប់ពី លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បង្ហោះនៅលើបណ្តាញសង្គម Facebook របស់លោក ដោយចោទប្រកាន់ សម្តេច ហេង សំរិន ថាជាអ្នកកាត់ទោស សម្តេច សីហនុ កាលដឹកនាំប្រទេស។

សូមជំរាបថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានបង្ហោះវីដេអូ ដោយបានចោទរបបរដ្ឋកម្ពុជា ដែលដឹកនាំដោយសម្តេច ហេង សំរិន ថាបានដាក់ទោស សម្តេច សីហនុ ជាជនក្បត់ជាតិ។ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកភ្ជាប់ជាមួយវីដេអូមួយកាលនោះថា «យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ»

រហូតដល់ពេលនេះ លោក សម រង្ស៊ី ដែលកំពុងគេចខ្លួនទៅក្រៅប្រទេស កំពុងញាំញីដោយពាក្យបណ្តឹង នៅតុលាការកម្ពុជា ក្នុងនោះមាន ការទាមទារឱ្យអនុវត្តសាលក្រមរឿងចាញ់ក្តី ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, សំណុំរឿងក្លែងឯកសារព្រំដែនបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ និងសំណុំរឿងបរិហារកេរ្តិ៍ លើសម្តេច ហេង សំរិន ជាដើម។

ទោះជាយ៉ាងណា សម្រាប់ករណីបរិហារកេរ្តិ៍សម្តេច ហេង សំរិននេះ លោកមេធាវី គី តិច បានអះអាងថា ដើមបណ្តឹងបានប្តឹងឱ្យតុលាការចាត់ការទៅតាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន៣០០លានរៀល ផងដែរ៕