សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា៥លានរៀល ដល់លោកតា សង់ សីស កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត
26-07-2016 18:51
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យប្រតិភូកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ៥លានរៀល ជូនលោកតា ម៉ារី សុន ហៅលោកតា សង់ ស៊ីស អាយុ ៧១ឆ្នាំ ជាតារាកំប្លែងជើងចាស់មួយរូប ដែលកំពុងមានជំងឺសម្ពាធសរសៃខួរក្បាល ហើយបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងសូមជូនពរឲ្យជំងឺរបស់លោកតា សង់ ស៊ីស បានឆាប់ជាសះស្បើយ។ ជាការពិតណាស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីការលំបាក និងជីវភាពរស់នៅរបស់សិល្បករជើងចាស់ ជាពិសេសនៅពេលដែលពួកគាត់មានជំងឺឈឺស្កាត់ម្ដងៗ ។ ជាមួយគ្នានេះ សម្ដេចក៏សូមថ្លែងអំណរគុណផងដែរដល់ក្រុមគ្រូពេទ្យ ដែលបានខិតខំយកចិត្តទុកដាក់ព្យាបាលជំងឺ លោកតា សង់ ស៊ីស និងសូមផ្តាំផ្ញើដល់កូនៗរបស់លោកតា ត្រូវខិតខំយកចិត្តទុកដាក់ថែទាំឪពុកឱ្យបានល្អ ដើម្បីឆាប់បានជាសះស្បើយត្រឡប់ទៅគេហដ្ឋានវិញ។
តំណាងឲ្យក្រុមគ្រួសារទាំងមូល កញ្ញា សុន ស្រីពេជ្រ កូនស្រីបង្កើតរបស់ លោកតា សង់ ស៊ីស បានសំដែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការយកចិត្តទុកដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ក្រុមគ្រួសាររបស់នាង និងសូមគោរពជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕