ថ្នាក់ដឹកនាំខេត្តរតនគិរី និងពុទ្ធបរិស័ទ ចំណុះជើងវត្ត ប្រារព្ធធ្វើបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យ ចាក់បេតុងប្លង់សេព្រះវិហារ ស្ថិតនៅវត្តគិរីរតនារាម ហៅវត្តត្រពាំងក្រហម
18-06-2023 19:37
(រតនគិរី)៖ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្ត និងលោកស្រីបានដឹកនាំមន្ត្រីរាជការគ្រប់មន្ទីរអង្គភាព និងពុទ្ធបរិស័ទចំណុះជើងវត្តប្រារព្វធ្វើបុណ្យផ្កាសាមគ្គី ដើម្បីប្រមូលបច្ច័យចាក់បេតុងប្លង់សេព្រះវិហារស្ថិតនៅវត្តគិរីរតនារាម ហៅវត្តត្រពាំងក្រហម។
កម្មវិធីបុណ្យបានរៀបចំធ្វើឡើង នៅវេលាម៉ោង១៨៖០០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ដោយជួបជុំពុទ្ធបរិស័ទ ជិតឆ្ងាយធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្តនិងសម្តែងធម៌ទេសនា នៅសាលមហោស្រពរតនៈស្ថិតនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី។
លុះព្រឹកឡើងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ អង្គផ្កាបានដង្ហែរទៅទៅកាន់វត្ត គិរីរតនារាម ហៅវត្តត្រពាំងក្រហម ស្ថិតនៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី រួចធ្វើពិធីហែប្រទាក់ក្សិណប៣ជុំព្រះវិហារវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយកម្មវិធីបុណ្យ។
នាឱកាសនេះ លោក ញ៉ែម សំអឿន បានលើកឡើងថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្តឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។
ជាក់ស្តែងការប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គីនេះ ជាការបង្ហាញពីសាមគ្គីគ្នារវាងផ្នែកពុទ្ធចក្រ និងអាណាចក្រ លើការយកចិត្តទុកដាក់គាំទ្រវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យមានការរីកចម្រើន។
សូមបញ្ជាក់ផងដែរថា បច្ច័យប្រមូលបានពីបុណ្យផ្កាប្រាក់សាមគ្គីនាពេលនេះចំនួន១០,០០០ដុល្លារ សម្រាប់យកប្រើប្រាស់ក្នុងការចាក់បេតុង ប្លង់សេព្រះវិហារ ស្ថិតនៅវត្តគិរីរតនារាម ហៅវត្តត្រពាំងក្រហមដែលមានទំហ៊ំបណ្តោយ ២៥គុណ១៣ ម៉ែត្រ គុណកម្រាស់១១០សង់ទីម៉ែត្រ៕