Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបជនជាតិចិនជួញដូរគ្រឿងញៀន២នាក់ រឹបអូសថ្នាំញៀនជិត១គីឡូក្រាម និងដកហូតកាំភ្លើង២ដើម

17-06-2023 11:41

(ភ្នំពេញ)៖ ជនជាតិចិនជួញដូរគ្រឿងញៀន២នាក់ ជាមួយនឹងថ្នាំញៀនជិត១គីឡូក្រាម ព្រមទាំងកាំភ្លើងខ្លី២ដើម ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបាននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, កម្លាំងជំនាញ (ក៨) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវចាប់បានជនជាតិចិន២នាក់ និងបានបញ្ជូនទៅកាន់តុលាការកាលពីល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ ជនជាតិចិនទី១មានឈ្មោះ chen lei និងទី២មានឈ្មោះ yu cheng hao។

សូមជម្រាបថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយពេលឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចូលមកដឹកនាំការងារ គឺបង្ក្រាបបានបទល្មើសគ្រឿងញៀនធំៗ ជាច្រើនករណី ជាបន្តបន្ទាប់ជាប់ៗគ្នា ដោយ១ខែៗមិនតិចជាង១០ករណីទេ។ ជាមួយគ្នានេះឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តខ្ពស់ ក្នុងបង្ក្រាបបទល្មើសគ្រឿងដូចភ្លៀងរលឹម នៅទូទាំងប្រទេស ឱ្យដល់ឫសគល់៕