Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌានាំចូលសារធាតុអ៊ុយរ៉ាញ៉ូម៦០០តោនក្នុងមួយឆ្នាំពី រុស្ស៊ី និង កាណាដា ដើម្បីផលិតថាមពលនុយក្លេអ៊ែរ

21-07-2016 17:04

(ញូដេលី)៖ ប្រទេសឥណ្ឌាបានបង្ហាញរបាយការណ៍ថា ខ្លួនបាននាំចូលសារធាតុអ៊ុយរ៉ាញ៉ូម ៦០០តោន ពីប្រទេសរុស្ស៊ី និងកាណាដា កាលពីឆ្នាំ ២០១៥ ដើម្បីប្រើប្រាស់ក្នុងការទ្រទ្រង់រោងចក្រថាមពលនុយក្លេអ៊ែរ ទាំងអស់នៅក្នុងប្រទេស អាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦។

រដ្ឋមន្ត្រីក្រសួងថាមពលអាតូមិកឥណ្ឌាលោក Jitendra Singh បាននិយាយថា សារធាតុអ៊ុយរ៉ាញ៉ូម ដែលត្រូវបាន នាំចូលពីប្រទេសទាំងពីរនេះ គឺស្របទៅតាមកិច្ចព្រមព្រៀងទ្វេភាគី ក្នុងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិល។ លោក Singh បានថ្លែងក្នុងសភាជាតិឥណ្ឌាថា «ឥណ្ឌាបាននាំចូលអ៊ុយរ៉ាញ៉ូម ៣៤៥តោនពីប្រទេសរុស្ស៊ី និង ២៥០តោន ពីប្រទេសកាណាដា ដើម្បីគាំទ្រដល់ម៉ាស៊ីនរ៉េអាក់ទ័រទាំង ២១គ្រឿងដែលកំពុងដំណើរការ»។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាកំពុងតែធ្វើការសាងសង់ ម៉ាស៊ីរ៉េអាក់ទ័រ ៦គ្រឿងបន្ថែមទៀត ដែលនឹងប្រើប្រាស់សារធាតុ អ៊ុយរ៉ាញ៉ូម សម្រាប់ដុតយកថាមពល។ បច្ចុប្បន្ននេះថាមពលនុយក្លេអ៊ែរ បានក្លាយជាប្រភពថាមពលសំខាន់លំដាប់ទី ៤នៅក្នុងប្រទេសឥណ្ឌា ដែលគិតជាភាគរយគឺក្រោម ៣ភាគរយស្មើនឹង ៦,០០០ម៉េហ្គាវ៉ាត់ប៉ុណ្ណោះ។ នៅឆ្នាំ ២០៣២ ខាងមុខនេះប្រទេសឥណ្ឌា នឹងផលិតថាមពលនុយក្លេអ៊ែរឲ្យបាន ៤៥,០០០ ម៉េហ្គាវ៉ាត់ តាមរយៈការបង្កើនចំនួន ផ្គត់ផ្គង់សារធាតុអ៊ុយរ៉ាញ៉ូមផងដែរ៕