Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហស្ថាបនិកក្រុមយុវជនខ្មែរថាវរៈ ប្រកាសប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីគាំពារបរិស្ថាន ធនធានធម្មជាតិ សកម្មភាពសប្បុរសធម៌ និងការអប់រំ (Video inside)

07-06-2023 17:53

(ភ្នំពេញ)៖ កញ្ញា ហឿន ស្រីនិច ដែលជាសហស្ថានិករបស់ក្រុមយុវជនខ្មែរថាវរៈ បានប្រកាសបង្កើតសមាគមខ្មែរថាវរៈ ជាផ្លូវការឡើងវិញ ហើយប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងគោលបំណងគាំពារបរិស្ថាន ធនធានធម្មជាតិ សកម្មភាពសប្បុរសធម៌ និងការអប់រំ។

យុវតីរូបនេះ បានលើកឡើងថា កន្លងមករូបនាង និងក្រុមការងារដែលធ្លាប់តែជាយុវជនដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ដោយបង្កើតនូវចលនាសង្គមផ្សេងៗ ដើម្បីរកលេសវាយប្រហារក៏ដូចជាបង្ខូច កិត្តនាម រាជរដ្ឋាភិបាល ដែលបង្កដោយមានការភាន់ច្រឡំ ពីសាធារណមតិមកលើខិតខំសម្រេចសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ រហូតមកដល់ពេលនេះ ទើបខ្លួនបានឈ្វេងយល់ថា ការដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្ន គឺស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

កញ្ញា ហឿន ស្រីនិច បានបញ្ជាក់ដូច្នេះថា៖ «អាស្រ័យហេតុនេះ ទើបនាងខ្ញុំ និងសហការីទាំងអស់បានមូលមតិគ្នា ដើម្បីរៀបចំបង្កើតសមាគមខ្មែរថាវរៈនេះឡើងវិញ ដោយយើងនឹងស្នើចុះបញ្ជីឱ្យបានត្រឹមត្រូវតាមច្បាប់ និងបទបញ្ញត្តិនានារបស់ ក្រសួងមានសមត្ថកិច្ច។ បន្តទៅទៀតសមាគមខ្មែរថាវរៈថ្មីនេះ នឹងបន្តបេសកកម្មជាវិជ្ជមាន ដើម្បីចូលរួមសហការ ជាមួយ រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានាក្នុងគោលបំណង គាំពារបរិស្ថាន ធនធានធម្មជាតិ សកម្មភាពសប្បុរសធម៌ និងការអប់រំជាដើម ហើយនាងខ្ញុំ និងក្រុមការងារ សូមប្ដេជ្ញាថា នឹងដឹកនាំសមាគមមួយនេះឱ្យក្លាយ ជាកោសិកាដ៏ល្អសម្រាប់សង្គមជាតិ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ»

សហស្ថានិករបស់ក្រុមយុវជនខ្មែរថាវរៈ បានអំពាវនាវទៅកាន់យុវជនផ្សេងៗទៀត មានទឹកចិត្តស្រឡាញ់ជាតិពិតប្រាកដ អាចមកចូលរួមជាមួយពួកយើងដើម្បីគាំទ្រ បេសកម្មដ៏ល្អប្រពៃទាំងនេះជាមួយគ្នា ជាពិសេសយុវជនដែលធ្លាប់ តែដើរផ្លូវខុសពីមុន សូមមេត្តាគិតពិចារណាឡើងវិញ និងងាកមករួបរួមគ្នា ជាធ្លុងមួយដើម្បីផ្ដល់ប្រយោជន៍ដល់ ប្រទេសជាតិទាំងមូល៕

ខាងក្រោមនេះជាការប្រកាសរបស់ កញ្ញា ហឿន ស្រីនិច៖