Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមពិធីចូលកាន់តំណែងជាផ្លូវការ របស់ប្រធានាធិបតីតួកគី

02-06-2023 17:20

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីចូលកាន់តំណែងជាផ្លូវការ របស់ប្រធានាធិបតី នៃសាធារណរដ្ឋតួកគី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅរដ្ឋធានីអង់ការ៉ា។

ដំណើរនេះធ្វើឡើងតបតាមការអញ្ជើញរបស់វិមានប្រធានាធិបតី នៃសាធារណរដ្ឋតួកគី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ដែលបណ្តាញ Fresh News ទទួលបាន។

ក្រសួងការបរទេស បានឲ្យដឹងថា កម្ពុជា និងតួកគី មានចំណងមិត្តភាពស្និទ្ធស្នាលនិងរឹងមាំ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធប្រកបដោយថាមវន្ត លើគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ វត្តមានរបស់ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅក្នុងពិធីដ៏មានសារៈសំខាន់ខាងលើ នឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវជំនឿទុកចិត្តផ្នែកនយោបាយទៅវិញទៅមក និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដែលកំពុងរីកលូតលាស់ រវាងប្រទេសទាំងពីរ៕