Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខណ្ឌពោធិ៍សែនជ័យ ចោរទម្លាក់​យោង ក្រោយឆបោក​យកគ្រឿង​អលង្កា ពីនារី​រោងចក្រ

20-07-2016 14:40

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្របួចបានជនសង្ស័យម្នាក់ ក្នុងចំណោម​បក្ខពួក៤នាក់ ដែលទម្លាក់យោងឆបោក យកគ្រឿងអលង្កា និងទូរស័ព្ទពីនារីកម្មការិនីរោងចក្រ ពេលកំពុងដើរ​ទៅធ្វើការរោងចក្រ បានសម្រេចតែ​រត់មិនរួចត្រូវ​ប្រជាពលរដ្ឋចាប់​បានប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផាត់ វណ្ណី អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ «សាប្រូណា» ស្នាក់នៅផ្ទះជួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា ទ្រព្យដែលបានបាត់បង់មានក្រវិលមាស១ជី លុយ៧ម៉ឺនរៀល ទូរស័ព្ទ អ៊ិនចុចពិល១គ្រឿង។

ចំណែកជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះ ជុំ ប្រុស ហៅខ្មៅ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រួមជាមួយ ម៉ូតូមួយគ្រឿងម៉ាក Honda C១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AY -​ 4461 រីឯបក្ខពួក៣​នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕