Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ទាត់ចោលរបៀបវារៈ ស្នើឱ្យលើកអភ័យឯកសិទ្ធិតំណាងរាស្រ្ត ២រូបរបស់ CNRP

18-07-2016 11:55

(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា បានសម្រេចច្រានចោលរបៀបវារៈដែលស្នើឱ្យរដ្ឋសភា លើកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់គណបក្សប្រឆាំង២រូប ហើយចាត់ចែងឱ្យគណៈកម្មការទី៦ ពន្យល់ដល់ក្រសួងយុត្តិធម៌ និងតុលាការអំពីរឿងនេះ។

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងយុត្តិធម៌ បានបញ្ជូនសំណើរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលស្នើឱ្យរដ្ឋសភាលើកអភ័យឯកសិទ្ធិ របស់តំណាងរាស្រ្តគណបក្សប្រឆាំង២រូប ក្នុងនោះមាន លោក តុ វ៉ាន់ចាន់ តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងលោក ពិន រតនា តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ដើម្បីឱ្យតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់។

នៅក្នុងសន្និសីទកាសែត ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅម៉ោងជាង១១៖០០ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ឡេង ប៉េងឡុង បានអះអាងថា គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា បានប្រគល់ភារកិច្ចឱ្យគណៈកម្មាធិការទី៦ ដែលដឹកនាំដោយ លោក ប៉ែន បញ្ញា ពន្យល់ដល់ក្រសួងយុត្តិធម៌វិញ ជុំវិញសេចក្តីសម្រេចរបស់ខ្លួន។

សូមបញ្ជាក់ថា លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា ត្រូវបានតុលាការកោះហៅជាបន្តបន្ទាប់ ដោយសង្ស័យថា បានប្រព្រឹត្តបទល្មើសសញ្ចារកម្ម ក្នុងការនាំកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ទៅឱ្យលោក កឹម សុខា នៅប្រទេសថៃ តែលោកមិនបានចូលខ្លួនតាមការកោះហៅនោះទេ។ទោះជាយ៉ាងណា តុលាការមិនទាន់ចោទប្រកាន់ តំណាងរាស្រ្តទាំង២រូបនេះនៅឡើយទេ ដោយសារតែមានអភ័យឯកសិទ្ធិការពារ៕