Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អ៊ុក សុភក្ត្រ័រិទ្ធ ចង់មានម្ចាស់បេះដូង ក្រោយផ្ទុះរឿងមានភេទទី៣ ជះលុយចង់យក ធ្វើជាគូស្នេហ៍

11-07-2016 12:20

(ភ្នំពេញ)៖ តារាសម្តែងបុរសសង្ហា ដែលទស្សនិកជនភាគច្រើន បានស្គាល់តាមរយៈការសម្តែងក្នុងរឿង «ក្រមុំ៣១កំលោះ៥២» លោក អ៊ុក សុភក្ត្រ័រិទ្ធ បានប្រកាសប្រាប់ឲ្យដឹងថា លោកចង់មានម្ចាស់បេះដូង អាចចាប់ដៃគ្នាសាងគ្រួសារ ដូចមនុស្សប្រុសដទៃ។ ការលើកឡើងរបស់លោកបែបនេះ គឺធ្វើឡើងក្រោយពី លោកត្រូវបានមហាជន មានការភ័ន្តច្រឡំថា លោកជាបុរសភេទទី៣ និងមានផ្ទុះរឿងថាមានភេទទី៣ ជះលុយចង់យក លោកធ្វើជាគូស្នេហ៍ជាដើម។

លោក អ៊ុក សុភក្ត្រ័រិទ្ធ បានថ្លែងប្រាប់គេហទំព័រ Fresh News ឲ្យដឹងថា លោកត្រូវបានទស្សនិកជនស្គាល់ តាមរយៈការសម្តែង ជាតួខ្ទើយញ៉ិញ៉ាក់ រហូតដល់មានការភ័ន្តច្រឡំថា លោកជាបុរសភេទទី៣ ថែមទៀតផង ហើយអ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺមានការលេចថាលោក មានភេទទី៣ជះលុយ ចង់យកធ្វើជាគូស្នេហ៍ថែមទៀតផង។ នៅក្នុងឱកាសនេះ លោកចងបកស្រាយថា រឿងរ៉ាវគ្រប់យ៉ាងគឺមិនមែន ជាការពិតនោះទេ លោកគឺជាបុរសពិតៗ ហើយគ្រប់យ៉ាងដែលទស្សនិកជន ធ្លាប់ឃើញគឺគ្រាន់តែជា ការសម្តែង តែប៉ុណ្ណោះ។

ជុំវិញចម្ងល់នេះដែលត្រូវបាន តារាប្រុសវ័យ ២៨ឆ្នាំ រូបនេះ បានបង្ហើបប្រាប់ឲ្យដឹងទៀតថា «មួយរយៈនេះ សន្ទុះការងារខ្ញុំ រវល់ច្រើនក៏ពិតមែន តែខ្ញុំហាក់មានអារម្មណ៍ថា ខ្លួនមានភាពកណ្តោចកណ្តែងបន្តិច ចង់មានម្ចាស់ចិត្ត ដើម្បីរៀបការ សាងគ្រួសារនឹងគេដែរ ព្រោះវ័យខ្ញុំក៏សមល្មម នឹងមានគ្រួសារហើយដែរ ប៉ុន្តែខ្ញុំមិនទាន់ស្វែងរកឃើញនៅឡើយ ហើយម្យ៉ាងទៀត ខ្ញុំក៏ចង់មានគ្រួសាររៀបការមានភរិយា ដើម្បីបង្ហាញឲ្យមហាជនបានឃើញថា ខ្ញុំជាមនុស្សប្រុសពិតប្រាកដ មិនមែនជាខ្ទើយឡើយ»

ទោះជាយ៉ាងណា ការដែលលោកប្រកាស ចង់បានម្ចាស់បេះដូងនេះ មិនមែនដើម្បីលាងចម្រះមន្ទិលសង្ស័យ​ ​​​​ដែលសារតែលោកស្រលាញ់ភេទទី៣ទេ គឺជាចិត្តដែលលោក ចង់បាននឹងសាកគ្រួសារដោយខ្លួនឯង។

ជាមួយគ្នានោះដែល លោកក៏បានឆ្លើយតប និងសំនួររបស់ភ្នាក់ងារយើងថា នារីដែលលោកប៉ងប្រាថ្នាចង់រៀបការជាមួយនោះគឺជានារីម្នាក់ ដែលសាមញ្ញជាអ្នកធ្វើការ ឫក៏ជាអ្នកជំនួញ មិនមែនជាអ្នកសិល្បៈនោះទេ មានភាពរឹងមាំ មានចំណេះដឹង រូបសម្បត្តិសមរម្យ និងស្រលាញ់លោក ដោយស្មោះត្រង់ចាប់ដៃគ្នា ចូលរោងការ សាងជីវិតជាមួយគ្នា។

ដោយឡែកបើនិយាយពីការងារសិល្បៈវិញមួយរយៈពេលចុងក្រោយនេះលោកហាក់មានសន្ទុះរីកចម្រើនខ្លាំង ដោយរយៈពេលត្រឹមតែជាង៣ឆ្នាំ តែលោក ឆក់បានឱកាសសម្តែងរឿង ប្រមាណជាង ១០រឿង ហើយរឿងរបស់លោក នីមួយៗ សុទ្ធតែទទួលបាន ការគាំទ្រ ជាក់ស្តែងរឿងមួយ ដែលលោកធ្លាប់សម្តែង គឺរឿង «ក្រមុំ៣១កំលោះ៥២», «វាលស្រែស្នេហ៍ខ្ញុំ», «ស្នេហ៍ចាំជាតិ», «តាមស៊ើបជួបស្នេហ៍», «កំណត់ហេតុនាងនាថ», «ទឹកចិត្តម្តាយសម័យថ្មី», «បណ្តឹងស្រីទាំង៥» បើទោះជារឿងទាំងអស់នោះ លោកនៅមិនទាន់មាន ឱកាសគ្រងតួឯកក៏ដោយ តែលោកសប្បាយចិត្ត និងការងារតួសម្តែង ដែលលោកត្រូវបានផលិតករ ផ្តល់ឱកាសឲ្យ៕