Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមចូលរួមទាំងអស់គ្នា! រដ្ឋបាល​ខណ្ឌច្បារអំពៅ នឹងធ្វើការចាប់​ផាកពិន័យ ​អ្នកដែល​យក​សំរាមចោល​ តាមផ្លូវជាតិ​លេខ១​

09-07-2016 13:31

(ភ្នំពេញ)៖ ដោយមានការណែនាំពីលោក អ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ លោក យឹម សុខុន ប្រធានការិយាល័យបរិស្ថាន ខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ កម្លាំងសណ្តាប់ធ្នាប់សង្កាត់វាលស្បូវ បានចុះទៅប្រមូលយកសំរាមដែល បងប្អូនប្រជាពលរដ្ឋបោះចោល នៅលើចិញ្ចើមផ្លូវជាតិលេខ១ ធ្វើឲ្យបាត់បង់ សោភ័ណ្ឌភាព ប៉ះពាល់បរិស្ថាន និងសណ្តាប់ធ្នាប់ ជាពិសេសនោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលធ្វើដំណើរតាមផ្លូវមួយនេះ។

ជាមួយនឹងវិធានការលើការ ទប់ស្កាត់ចំពោះបញ្ហាសង្គមមួយនេះ លោក យឹម សុខុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការចោលសំរាមផ្តេសផ្តាស់តទៅទៀត ហើយលោកព្រមានថា «ចាប់ពីពេលនេះតទៅ ក្រោយការប្រមូលសំរាមយកចេញរួចហើយនោះ គឺមិនអនុញ្ញាតឲ្យ បងប្អូនយកមកដាក់ទៀតទេ។

បើសិនជានៅតែយកមកចោលនៅតាមផ្លូវជាតិលេខ១ទៀត ភ្នាក់ងារមានសមត្ថកិច្ច នឹងធ្វើការចាប់ រួចធ្វើការផាកពិន័យចាប់ពី ២០.០០០រៀល ដល់៤០.០០០រៀលយ៉ាងកំហិត ដោយយោងតាមអនុក្រឹត្យលេខ១១៣»។ ជាការកត់សម្គាល់របស់មជ្ឈដ្ឋានមួយចំនួន សំរាមនៅតែជាបញ្ហាឈឺក្បាលមួយ របស់ថ្នាក់ដឹកនាំលើការគ្រប់គ្រង និងប្រមូលដោយសារតែប្រជាពលរដ្ឋភាគច្រើន ខ្វះការយល់ដឹង និងមិនបានចូលរួមប្រកបដោយឆន្ទះខ្ពស់ ចំពោះការទុកដាក់សំរាម៕