សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសប្រទេសដូមីនីក ជួបសម្តែងការគួរសម
24-03-2023 11:04
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសដូមីនីក ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន។
សូមបញ្ជាក់ថា លោក វីន ហេនដឺសាន់ បាននិងកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។ នេះជាដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់ លោកបណ្ឌិត វីន ហេនដឺសាន់ មកកាន់កម្ពុជា ក្នុងបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងការទូត និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងប្រទេសដូមីនីក សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ។
កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបប្រជុំទ្វេភាគីជាមួយ លោកបណ្ឌិត វីន ហេនដឺសាន់។
ក្រោយជំនួបទ្វេភាគីហើយនោះ លោក អ៊ុច បូររិទ្ធ និងលោក វីន ហេនដឺសាន់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការផងដែរ៕