Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្តន្ទាទោសឧត្តមសេនីយ៍ កែវ មាស បង់២៥លានរៀនជូនរដ្ឋ និងដើមបណ្តឹងក្នុងសំណុំរឿងបរិហាកេរ្តិ៍ប្រពន្ធលោក ដុម ហាក់

05-07-2016 14:17

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ផ្កាយពីរ កែវ មាស នាយការិយាល័យទី២ស៊ើបការ របស់អង្គភាពបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ ប្រកាសសាលក្រមផ្តន្ទាទោស ពិន័យជាប្រាក់៥លានរៀលចូលទៅរដ្ឋ និងសងជំងឺចិត្តទៅដើមបណ្តឹង គឺលោកស្រី ជា គង្គា ភរិយានាយឧត្តមសេនីយ៍ ដុម ហាក់ ចំនួន២០លានរៀល។

មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ថា «សាលក្រមនេះបានបើកផ្លូវទុកឲ្យ ដើមចោទ និងចុងចោទប្តឹងទាស់ទៅសាលាឧទ្ធរណ៍ តាមកំណត់ច្បាប់ បើភាគីណាមួយមិនសុខចិត្ត»

សាលក្រមនេះ បានធ្វើឡើងដោយចៅក្រមជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ គឺលោក វ៉េង ហ៊ត់ និង កាត់កំបាំងមុខទៅល្មើសឈ្មោះ កែវ មាស ដែលមិនបានចូលខ្លួន។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ កែវ មាស ប្រធានការិយាល័យទី២ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបានលោកស្រី ជា គង្គា ជាភរិយានាយឧត្តមសេនីយ៍ ដុម ហាក់ បានដាក់ពាក្យបណ្ដឹង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ លោកស្រីអះអាងថា លោកឧត្តមសេនីយ៍ កែវ មាស បាននិយាយបរិហារ្តិ៍ មកលើអ្នកស្រីដែលជាព័ត៌មាន មិនពិតឲ្យសារព័ត៌មានយកទៅចុះផ្សាយ។

ក្នុងពាក្យបណ្ដឹងអ្នកស្រី ជា គង្គា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ បានអះអាងថា លោកឧត្តមសេនីយ៍ កែវ មាស បាននិយាយបរិហារ្តិ៍ អ្នកស្រីក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយអ្នកសារព័ត៌មាន ក្នុងស្រុកមួយយកទៅចុះផ្សាយ ជាសាធារណៈតាមព័ត៌មានអនឡាញ។

នៅក្នុងបទសម្ភាសន៍នោះ លោកឧត្តមសេនីយ៍ កែវ មាស បាននិយាយចោទប្រកាន់ទៅលើអ្នកស្រី ជា គង្គា ថា លោកឧត្តមសេនីយ៍ ដុម ហាក់ គាត់ឲ្យប្រពន្ធក្រោយរុញ មកចាប់យកដី២ហិកតា នៅបន្ទាយស្រីលក់បាត់ហើយ និងនិយាយថា លោកឧត្តមសេនីយ៍ ដុម ហាក់ ហ្នឹងណាស់ គឺប្រពន្ធចុងរុញចាប់យកដីគ្រប់កន្លែង មិនមែនមួយហ្នឹងទេ នៅតាមព្រំដែន ឲ្យតែដីណាមិនច្បាស់លាស់ចាប់យកបាត់ ព្រមទាំងនិយាយបន្ថែមទៀតថា ជំទាវចំតិត មិនដឹងយ៉ាងម៉េចទេ ឲ្យគេថតសំឡេងខ្ញុំយកទៅប្ដឹង ដែលពាក្យពេជន៍ទាំងអស់ខាងលើនេះ សុទ្ធសឹងតែជាការនិយាយបំភ្លើសការពិត និងមួលបង្កាច់ទៅលើអ្នកស្រីដោយគ្មានភស្តុតាង និងជាការប្រមាថដល់ស្ត្រីខ្មែរគ្រប់រូប និងជាការនិយាយផ្ដេសផ្ដាស ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់អ្នកស្រី ដោយអ្នកស្រីប្ដឹងទាមទារឲ្យតុលាការ ផ្ដល់យុត្តិធម៌តាមច្បាប់ និងទាមទារជំងឺចិត្ត ចំនួន១០០០លានរៀលផងដែរ៕

រូបអាវសដៃខ្លី ឧត្តមសេនីយ៍ កែវ មាស ចេញពីផ្ដល់ចំលើយ នៅអយ្យការកន្លងមក