Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ ឯកភាពបើកច្រកថ្មីបន្ថែម ដើម្បីសម្រូលដល់ការធ្វើដំណើរ​ របស់ប្រជាពលរដ្ឋ

27-06-2016 13:54

(ភ្នំពេញ)៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ថោងលូន ស៊ីស៊ូលីដ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានឯកភាពគ្នា ក្នុងការបើកច្រកថ្មីបន្ថែមទៀតដើម្បីបង្កលក្ខណៈងាយស្រួល ឲ្យប្រជាជនដែលរស់នៅតាមព្រំដែន អាចធ្វើដំណើរ ឆ្លងកាត់ទៅវិញទៅមក និងដើម្បីជួយលើកស្ទួយពាណិជ្ជកម្ម និងទេសចរណ៍ នៅតាមព្រំដែនរវាងកម្ពុជា-ឡាវ។ ប្រទេសទាំងពីរ ក៏នឹងបើកកុងស៊ុលនៅខេត្តស្ទឹងត្រែង និងខេត្ត ចំប៉ាសាក់ ដើម្បីសម្រួលដល់ការចេញចូលរបស់ប្រជាជន នៃប្រទេសទាំងពីរផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងសេចក្តីសោមនស្សរីករាយ និងគាំទ្រចំពោះអ្វីដែល លោក ស៊ីស៊ូលីត បានលើកឡើងពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាងប្រទេសទាំងពីរ ក៏ដូចជាសកម្មភាព ដែលបានធ្វើកន្លងមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន ពេញចិត្ត ចំពោះការដឹកនាំដោយផ្ទាល់របស់ លោក ស៊ីស៊ូលីត ដែលបានដឹកនាំ ក្រុមបាល់ទាត់ All Stars របស់ឡាវ មកប្រកួតនៅកម្ពុជា កាលពីពេលកន្លងមក គឺបាន ឆ្លុះបញ្ចាំងពីទំនាក់ទំនងនិងមិត្តភាពល្អ រវាងប្រទេសទាំងពីរ។

ក្នុងឱកាសនោះដែរ លោក ថោងលូន ស៊ីស៊ូលីដ ស្នើឲ្យមានការបន្តកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងបន្ថែមទៀត ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ព្រមទាំងជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ និងប្រជាជន។ លោក ក៏បានជំរុញឱ្យមានការវិនិយោគ ទេសចរណ៍ និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ តាមសក្ដានុពលរបស់ប្រទេសទាំងពីរ។ កម្ពុជាលាវ ជុំរុញឱ្យមានការដោះស្រាយបញ្ហាព្រំដែន ឱ្យបានឆាប់រហ័ស រួមទាំងការស្នើ ឲ្យមានការបើកច្រកព្រំដែនបន្ថែមទៀតផងដែរ។

លោកនាយករដ្ឋមន្ត្រីឡាវ ពេញចិត្តចំពោះការផ្លាស់ប្តូរទស្សនកិច្ច​ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងប្រព័ន្ធយន្តការ ដែលមានស្រាប់ ដែលកំពុងប្រព្រឹត្ត ទៅយ៉ាងសកម្ម ដើម្បីជំរុញការអនុវត្តកិច្ចសន្យា និង MOU ដែលបានចុះហត្ថលេខារួចជាស្រេចមកហើយ រួមជាមួយយន្តការផ្សេងៗទៀត ដើម្បីគាំទ្រជំរុញ កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ឱ្យបានកាន់តែស៊ីជម្រៅថែមទៀត។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាគ្នា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ នៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំអាហារពេលល្ងាចទទួល លោកនាយករដ្ឋមន្រ្តី នៃប្រទេសឡាវផងដែរ៕