Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្តាប្រទេសអាមេរិកឡាទីន៖ ការចេញរបស់អង់គ្លេស កំពុងធ្វើឲ្យពិភពលោកពោរពេញដោយការភ័យខ្លាច និងបែកបាក់

25-06-2016 15:54

(ម៉ិចស៊ិកូ)៖ ពិភពលោកហាក់កំពុងតែព្យាយាមធ្មេចភ្នែក ទទួលយកការពិតដែលចក្រភពអង់គ្លេស សម្រេចចិត្តចាកចេញ ទាំងមិនដាច់អាល័យពីសហភាពអឺរ៉ុប ខណៈដែលបណ្តាប្រទេសអាមេរិកឡាទីន ជាច្រើនបានធ្វើការឆ្លើយតបជុំវិញបញ្ហានេះ ដោយការព្រួយបារម្ភ និងប្រុងប្រយ័ត្នខ្ពស់បំផុតប្រកបដោយការគោរព ចំពោះលទ្ធផលកាលពីម្សិលមិញ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០១៦។

ប្រទេសធំៗនៅអាមេរិកឡាទីនដូចជា ម៉ិចស៊ិកូ ប្រេស៊ីល អាហ្សង់ទីន ស៊ីលី និង អ៊ុយរ៉ាហ្គាយ ជាដើម បានសម្តែងការព្រួយបារម្ភ និងខ្លះទៀតបានសម្រេចចិត្តកាត់បន្ថយថវិកាជាតិ ត្រៀមទុកដោះស្រាយហានិយភ័យជាមុន ចំពោះការចាកចេញរបស់អង់គ្លេសពី EU ដែលបាននឹងកំពុងជះផលអាក្រក់រួចទៅហើយ ដល់ស្ថិរភាពទីផ្សារហិរញ្ញវត្ថុសកលលោក។

ជាក់ស្តែងរដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោកស្រី Malcorra បានទទួលស្គាល់ថា «សេចក្តីសម្រេចរបស់ប្រជាជនអង់គ្លេស គឺយើងមិនអាចប្រកែកបានឡើយ ដែលយើងមានតែទ្រាំទទួលយកប៉ុណ្ណោះ។ បើទោះបីជាបែបណាក៏ដោយ វាបានបង្ហាញយ៉ាងច្បាស់ថា ពិភពលោកកំពុងធ្វើដំណើរឆ្លងកាត់ស្ថានការណ៍ដ៏លំបាកមួយ ដែលពោពេញដោយការភ័យខ្លាច និង ការបែកបាក់»

ដោយឡែករដ្ឋមន្ត្រីការបរទេស ស៊ីលី លោក Heraldo Munoz បានថ្លែងជុំវិញបញ្ហានេះដែរថា «យើងមិនត្រូវគិតតែលើអ្វីផ្តេសផ្តាសពេកនោះទេ។ វាជាបញ្ហាស្មុគស្មាញណាស់ ដែលយើងត្រូវតែ មានការប្រុងប្រយ័ត្ន និងមិនត្រូវបង្ហាញភាពវឹកវរអំពីអ្វីដែលនឹងអាចកើតមានឡើង នៅអំឡុងពេលដ៏មានសារៈសំខាន់បំផុតនេះឡើយ។ ឥទ្ធិពលនៃការសម្រេចចិត្តរបស់អង់គ្លេស កំពុងតែក្រឡុកស្ថាប័ន នានាក្នុងក្របខណ្ឌសកលលោកហើយ»