Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទាំងអស់ កុំខឹងសម្បារលើអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសប៉ូលិសចរាចរណ៍

24-06-2016 12:00

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សុំកុំឲ្យមានការខឹងសម្បារលើអាជ្ញាធរ មានសមត្ថកិច្ច ជាពិសេសគឺប៉ូលីសចរាចរណ៍។ សម្តេចតេជោមានប្រសាសន៍បែបនេះ ខណៈដែលសម្តេច បានអញ្ជើញទៅបង់ប្រាក់ពិន័យ ចំពោះការជិះម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព នៅប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា៖ «ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋ និងអ្នកគាំទ្រខ្ញុំទាំងអស់ សុំកុំឲ្យមានការខឹងសម្បារលើអាជ្ញាធរ មានសមត្ថកិច្ច ជាពិសេសគឺប៉ូលិសចរាចរណ៍។ ផ្ទុយទៅវិញគាំទ្រពួកគាត់ ឲ្យគាត់បំពេញនូវតួនាទី ភារកិច្ចក្នុងឋានៈជានគរបាល ទទួលបន្ទុកច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិត ជូនប្រជាពលរដ្ឋ ជាពិសេស សូមអំពាវនាវដល់អ្នកគាំទ្រខ្ញុំទាំងប៉ុន្មាន បើស្រឡាញ់ខ្ញុំ សូមគោរពច្បាប់ចរាចរណ៍។ ការស្រឡាញ់ខ្ញុំ គឺជារឿងមួយ តែស្រឡាញ់ជីវិតខ្លួនឯង កុំឲ្យខ្លួនឯង មានគ្រោះថ្នាក់ ដល់ជីវិតគឺវាមានសារៈសំខាន់ ជាងការស្រឡាញ់ខ្ញុំ»

ដូច្នេះសម្តេចតេជោ សង្ឃឹមថា មិនមែនគ្រាន់តែអ្នកគាំទ្រសម្តេចទេ គឺត្រូវ​ការការស់នៅ ត្រូវការភាពសុខសាន្ត នៅក្នុងគ្រួសារ ដូចនេះសម្តេចសង្ឃឹមថា អ្នកគាំទ្រសម្តេចទាំងអស់គ្នា នឹងគោរពច្បាប់ចរាចរណ៍៕