Instagram ប្រកាសបង្ហាញ នឹងដាក់ឲ្យប្រើប្រាស់ប៊ូតុង បកប្រែឆាប់ៗខាងមុខនេះ
23-06-2016 15:43
(អាមេរិក)៖ បណ្ដាញទំនាក់ទំនងសង្គម ដែលទើបតែប្រកាសបង្ហាញពីភាពជោគជ័យ នៃការកើនឡើងនូវចំនួនអ្នកប្រើប្រាស់ដ៏សន្ធឹក Instagram នៅថ្ងៃនេះ បានប្រកាសឲ្យដឹងថា ខ្លួននឹងបន្ថែមប៊ូតុងបកប្រែ (Translation Button) ដើម្បីឲ្យកាន់តែងាយស្រួលដល់អ្នក ប្រើប្រាស់។
យោងតាមសេចក្ដីប្រកាសរបស់ Instagram នៅលើប្លក់ផ្ទាល់ខ្លួន បានឲ្យដឹងថា ប៊ូតុងបកប្រែ នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅក្នុងឆាប់ៗ ខាងមុខនេះ។ គោលដៅដែលបន្ថែមប៊ូតុងបកប្រែនេះគឺ ដើម្បីឲ្យអ្នកប្រើប្រាស់ទាំងអស់ ងាយស្រួលក្នុងការអាន និងយល់នូវអត្ថន័យផ្សេងៗ ដែលមិត្តភ័ក្តនៅក្នុងបណ្ដាញសង្គម Instagram ដែលមកពីប្រទេសផ្សេង ប្រើភាសាខុសគ្នា។
ថ្មីៗនេះ Instagram បានប្រកាសឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់បានកើនឡើងដល់ជាង ៥០០លាននាក់ ក្នុងនោះ មានជាង ៣០០លាននាក់ បានប្រើប្រាស់រាល់ថ្ងៃ។
គួរបញ្ជាក់ផងដែរថា Instagram ត្រូវបានបណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook ទិញយកក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិក៕