ស្រវឹងបើករថយន្តចេញពីហាងផឹកស៉ី ជាន់ហ្រ្វាំងច្រឡំហ្គា រថយន្តហោះទៅបុករះម៉ូតូជាច្រើនគ្រឿង និងសន្តិសុខម្នាក់រងរបួស
19-06-2016 08:16
(ភ្នំពេញ)៖ បុរសស្រវឹងម្នាក់ បើករថយន្ត Highlander មួយគ្រឿង ចេញពីហាងផឹកស៉ី តែពេលកំពុងបើកបែរ ជាជាន់ហ្វ្រាំង តែច្រឡំជាន់ហ្គាទៅវិញ បានធ្វើឲ្យរថយន្តហោះទៅបុករះម៉ូតូជាច្រើនគ្រឿង ដែលចតទុកនៅពីមុខហាងផឹកស៊ី យីហោ «បុប្ផាគីរីរម្យ» បង្កឲ្យសន្តិសុខដែលយាមម៉ូតូរងម្នាក់របួសធ្ងន់ ត្រូវជើងទាំងសងខាងផងដែរ។
ហេតុការណ៌នេះ បានកើតឡើងនាម៉ោង១២៖៣០នាទី រំលងអាធ្រាតឈាន ចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២៨១ ដែលស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ថា នៅវេលាខាងលើគេបានឃើញបុរស ដែលបើករថយន្តបង្កខាងលើ បើកចេញពីហាងផឹកស៉ី ស្រាប់តែកំពុងបើកមកមុខតិចៗ មិនបានប៉ុន្មានម៉ែត្រផង ក៏ឃើញរថយន្តហោះទៅបុកម៉ូតូ ដែលចតនៅមុខហាងបណ្តាលឲ្យខូចខាតជាច្រើនគ្រឿង និងបានជ្រុលទៅបុកសន្តិសុខ ដែលកំពុងតែឈរយាមកន្លែងផ្ញើម៉ូតូ បណ្តាលឲ្យរងរបួសជើងទាំង២ផងដែរ។
ក្រោយកើតហេតុ ម្ចាស់រថយន្តបានចរចារសងសំណង ទៅអោយម្ចាស់ម៉ូតូ និងសន្តិសុខដែលរងរបួស ព្រោះខ្ចិលនាំរឿងវែងឆ្ងាយ៕