Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកកាំកុងត្រូល ណែនាំមន្រ្តីជំនាញទាំងអស់ត្រូវត្រួតពិនិត្យ ការនាំចូលប្រេងឆាមកលក់នៅកម្ពុជា

18-06-2016 18:33

(ភ្នំពេញ)៖ អគ្គនាយកកាំកុងត្រូល លោក ម៉ក់ ពេជ្ជរិទ្ធ បានណែនាំដល់មន្រ្តីជំនាញរបស់ខ្លួនទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យលើការនាំចូលប្រេងឆា មកចែកចាយ និងដាក់លក់នៅតាមទីផ្សារ ដើម្បីបញ្ចៀសការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលបានទិញយកទៅប្រើប្រាស់។

លោក ម៉ក់ ពេជ្ជរិទ្ធ បានជំរុញទៅកាន់មន្រ្តីរបស់ខ្លួនទាំងអស់ ត្រូវចុះពិនិត្យមើលទីតាំងស្តុក និងលក់ប្រេងឆា តើមានគុណភាព ហើយកាលបរិច្ឆេទ ហួសនៃការប្រើប្រាស់ដែរឬទេ ព្រមទាំងម្ចាស់ទីតាំងទាំងនោះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីមន្រ្តីជំនាញដែរ ឬយ៉ាងណា។

ការលើកឡើង និងណែនាំរបស់អគ្គនាយកកាំកុងត្រូលខាងលើនេះ មន្រ្តីសាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំសហការជាមួយកម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ បានចុះបង្ក្រាបទីតាំងស្តុកប្រេងឆាមួយកន្លែង ស្ថិតនៅភូមិក្រែក ឃុំក្រែក ស្រុកពញាក្រែក ហើយរកឃើញប្រេងឆាមួយចំនួន ដែលមានស្លាកសញ្ញាមិនអនុលោមតាមលក្ខណៈបច្ចេកទេស។

ជាមួយគ្នានេះ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយការចុះត្រួតពិនិត្យ ទីតាំងស្តុកខាងលើរួចមក លោកបានហៅម្ចាស់ទីតាំងឈ្មោះ យោន ពិដោរ មកណែនាំ និងធ្វើកិច្ចសន្យាមួយចំនួន ចំពោះការប្រកបអាជីវកម្មរបស់ខ្លួនតទៅទៀត៕