Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ចុះបង្ក្រាបទីតាំងស្តុកសត្វព្រៃមួយកន្លែង នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ដកហូតបានសត្វព្រៃ ៧៥ក្បាល

01-12-2022 22:40

(សៀមរាប)៖ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដឹកនាំដោយលោកស្រី ឆេង ហាក់ងិន ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះបង្ក្រាបទីតាំងស្តុកសត្វព្រៃមួយកន្លែង នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀបរាប ខេត្តសៀមរាប ដកហូតបានសត្វព្រៃ ៧៥ក្បាល ។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានបញ្ជាក់ឱ្យបណ្តាញព័ត៌មាន Fresh News ដឹងនៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះថា ការបង្ក្រាបនេះដោយសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបាគង សហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ ចល័តរដ្ឋបាលព្រៃឈើ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកស្រី ឆេង ហាក់ងិន ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តសៀមរាប។

លោក ម៉ុង ប៊ុនលីម បានបន្តថា ចំពោះការបង្ក្រាបបទល្មើសសត្វព្រៃនេះ ដកហូតវត្ថុតាងសត្វព្រៃចំនួន ៧៥ក្បាល មានដូចជា ប្រវឹករស់ ចំនួន១៦ក្បាល, ទោមរស់ ចំនួន ៧ក្បាល, មាន់ទឹករស់ចំនួន ៣ក្បាល, សារិកាកែវក្របីរស់ ចំនួន ៤៩ក្បាល។

សូមបញ្ជាក់ផងដែរ ចំពោះម្ចាស់ទីតាំងដែលស្តុកសត្វព្រៃ ឈ្មោះ កែវ វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ និងបានដកហូតសត្វព្រៃទាំងអស់ជាបណ្តោះអាន្ន ដើម្បីចងក្រងសំណុំរឿងទៅតាមច្បាប់ព្រៃឈើ៕