Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ឃួន សុដារី អនុញ្ញាតឲ្យទីប្រឹក្សាស្ថានទូតប៉ូឡូញ ចូលជួបសម្តែងការគួរសម

17-06-2016 12:46

(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យលោក Tomasz Miklaszewski ទីប្រឹក្សាស្ថានទូតប៉ូឡូញ ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ចូលជួបសំណេះសំណាល និង ពិភាក្សាការងារនៅវិមានរដ្ឋសភា។

ក្នុងជំនួបនោះលោកស្រី ឃួន សុដារី និង លោក Tomasz Miklaszewski បានផ្លាស់ប្តូរយោបល់ និង ជម្រាបជូនអំពីស្ថានភាពស្ត្រី នៃប្រទេសទាំងពីរ ដោយធ្វើការជំរុញសមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រីចូលរួមក្នុងវិស័យនយោបាយ។ លោកស្រី ឃួន សុដារី និង លោក Tomasz Miklaszewski ក៏បានពិភាក្សាពីការប្រែក្លាយភាពជាក់ស្តែងតាមរយៈការវិវឌ្ឍន៍ស្ថានភាពរបស់ស្ត្រី ដោយផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព (SDG) ធ្វើយ៉ាងណាឲ្យស្ត្រីក្នុងវិស័យនយោបាយ (Caucus) មានសមភាពយេនឌ័រ។

ក្នុងជំនួបនាព្រឹកមិញនេះ លោក Tomasz Miklaszewski ក៏បានអញ្ជើញក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រីទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ូឡូញ ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ៕