អភិបាលខេត្តកំពង់ចាម ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ សម្រាប់សាងសង់ដងទង់មួយគូ នៅវត្តភ្នំព្រះវិហារ
18-11-2022 18:17
(កំពង់ចាម)៖ ឆ្លើយតបទៅនឹងការនិមន្តបិណ្ឌបាត របស់ព្រះគ្រូចៅអធិការ ក៏ដូចជាគណៈកម្មការអាចារ្យវត្តភ្នំព្រះវិហារ ដើម្បីសាងសង់ដងទង់មួយគូ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ផេន សុផល អភិបាលស្រុកបាធាយ និងសហការី បាននាំយកថវិកាចំនួន ១ម៉ឺនដុល្លារដែលជាថវិកាផ្ទាល់របស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី ទៅប្រគេនព្រះចៅអធិការវត្តភ្នំព្រះវិហារ ស្ថិតក្នុងភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ។
នាឱកាសនោះ ចៅអធិការវត្តភ្នំព្រះវិហារ ក៏ដូចជាគណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកអភិបាលខេត្ត និងលោកស្រី តាមរយៈលោកអភិបាលស្រុកបាធាយ និងក្រុមការងារ ដែលបាននាំយកបច្ច័យ ដើម្បីកសាងដងទង់មួយគូ សម្រាប់ជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទទូទៅ៕