Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រី និងកសិករ ស្កាត់ជួបគ្នាចែករំលែកចំណេះ និងបទពិសោធន៍ រិះរកវិធីធ្វើស្រែឱ្យបានផលចំណេញ (Video inside)

27-10-2022 15:47

(កំពង់ឆ្នាំង)៖ ការប្រើប្រាស់ពូជ ជី និងថ្នាំកសិកម្ម ជាធាតុដ៏ចាំបាច់ ដើម្បីកំណត់ជោគវាសនាកសិកររកផលចំណេញ ឬខាត លើការធ្វើស្រែ។ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកកសិកម្ម រួមជាមួយលោក ផេង គីមស្រ៊ុន មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានស្កាត់ទៅជួបប្រជាពលរដ្ឋនៅឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីផ្លាស់ប្តូរនូវមតិយោបល់មួយចំនួនលើការងារធ្វើស្រែ។

ប្រជាកសិករនៅឃុំមេលំ ស្រុកបរិបូរណ៌ មានការយល់ដឹងច្រើនលើបច្ចេកទេសប្រើប្រាស់ស្រូវពូជ ថ្នាំ និងជីកសិកម្ម ហើយក៏នាំឱ្យគាត់ទទួលបានទិន្នផលច្រើនលើការធ្វើស្រែ ហើយក៏ទទួលបានផលចំណេញផងដែរ។

ជំនួបដែលបានធ្វើឡើងនៅលើវាលស្រែដោយផ្ទាល់តែម្តង លោក ងិន ឆាយ និងប្រជាពលរដ្ឋ បានជជែកគ្នាពីការប្រើប្រាស់ស្រូវពូជ ការប្រើប្រាស់ជី និងថ្នាំកសិកម្ម។ លោក ងិន ឆាយ បានផ្តល់ឱកាសឱ្យប្រជាកសិករមានចំណេះដឹងច្រើនពាក់ព័ន្ធបច្ចេកទេសប្រើប្រាស់ស្រូវពូជ ជី និងថ្នាំកសិកម្ម ចែករំលែកនូវបទពិសោធន៍របស់គាត់។

លោក ម៉ៅ សារឹម ពលរដ្ឋនៅភូមិទួលរកា ឃុំេមលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជាពិសោធន៍របស់លោកប្រើស្រូវពូជប្រមាណ ២០០គីឡូក្រាម សម្រាប់ស្រូវវស្សា ហើយស្រូវប្រាំងប្រើប្រមាណ ១៥០គីឡូក្រាម សម្រាប់ប្រភេទស្រូវរំដួល លើផ្ទៃដីទំហំប្រមាណមួយហិកតា។

កសិករមួយរូបផ្សេងទៀត បានចែករំលែកពីការប្រើប្រាស់ស្រូវពូជផ្កាក្រវ៉ាន់។ កសិកររូបនេះ បានបញ្ជាក់ថា សម្រាប់ស្រូវពូជផ្កាក្រវ៉ាន់ លោកប្រើទម្ងន់ប្រមាណ ២២០គីឡូក្រាម ទៅ២៥០គីឡូក្រាម សម្រាប់ដីមួយហិកតា។

បន្ទាប់ពីបានស្តាប់នូវបទពិសោធន៍របស់កសិករហើយ លោក ងិន ឆាយ បានបញ្ជាក់ថា ជាបច្ចេកទេសសម្រាប់ស្រូវពូជ ដែលសុទ្ធល្អ ដូចជាស្រូវផ្ការំដួលប្រើចន្លោះពី ៨០គីឡូក្រាម ទៅ១០០គីឡូក្រាម សម្រាប់ដីមួយហិកតា, សម្រាប់សែនក្រអូប ប្រើចន្លោះពី ១៥០គីឡូក្រាម ទៅ ១៦០គីឡូក្រាម។ រីឯស្រូវពូជ OM ដូចនឹងផ្កាក្រវ៉ាន់ដែរ គឺប្រើចន្លោះ ១៨០គីឡូក្រាម ទៅ ២០០គីឡូក្រាម។

នៅក្នុងជំនួបនេះ លោក ងិន ឆាយ ក៏បានជជែកជាមួយប្រជាកសិករលើបច្ចេកទេសប្រើជី និងថ្នាំសម្លាប់សត្វល្អិតផងដែរ។

ក្រៅតែពីនោះ ប្រជាកសិករក៏បានសំណូមអាជ្ញាធរជួយធ្វើទំនប់ទឹកនៅឃុំមេលំ ព្រោះមានតែស្ទឹងអត់មានទំនប់ទឹកខែប្រាំងឡើង ក៏មិនមានទឹកសម្រាប់ធ្វើស្រែ៕