Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថានឹងតាមចាប់ម្ចាស់រថយន្ត ធ្វើឲ្យបាក់ស្ពាននៅខេត្តកំពត មកសាងសង់ស្ពានឡើងវិញ

11-06-2016 19:14

(កំពត)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ Fresh News នៅព្រលប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦នេះថា នឹងតាមស្វែងរកម្ចាស់រថយន្ត និងម្ចាស់ឈើឲ្យមកសាងសង់ស្ពានឡើងវិញ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា រហូតមកដល់ព្រលប់ថ្ងៃនេះ មន្ទីរសាធារណការខេត្តកំពត និងខណ្ឌរដ្ឋបាលព្រៃឈើ បាននឹងកំពុងសហការគ្នាតាមស្វែងរកម្ចាស់រថយន្ត និងម្ចាស់ឈើ តែរកមិនទាន់ឃើញនៅឡើយទេ ខណៈស្លាកលេខរថយន្តត្រូវបានគេដោះយកទៅបាត់ហើយ ។

លោក ស៊ុន ចាន់ថុល បានបន្ថែមថា បើរកម្ចាស់ឃើញ ក្រៅពីការឲ្យសាងសង់ស្ពានឡើងវិញហើយនោះ លោក ក៏នឹងធ្វើការផាកពិន័យចំពោះការដឹកលើសទម្ងន់ទៅតាមច្បាប់ផងដែរ។

សូមបញ្ជាក់ថា រថយន្តយីឌុបដឹកឈើពេញមួយគ្រឿងនៅម៉ោងជាង ១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ បានបើក ឆ្លងកាត់ និងធ្វើឲ្យបាក់ស្ពានបាលេ «តារាជ» នៅចំណុចផ្លូវលេខ៤៣ (តាកែនកោះស្លា) ស្ថិតក្នុងភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

លោក ជួន សារ៉ា នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពត បានឲ្យដឹងថា ឈើដែលរថយន្តយីឌុបដឹកនោះ មានប្រមាណ ៧០ម៉ែត្រគូប ដឹកចេញពីខេត្តកំពង់ស្ពឺ ឆ្លងចូលមកក្នុងទឹកដីខេត្តកំពត ដោយខុសច្បាប់។

សមត្ថកិច្ចដដែលបញ្ជាក់ថា កំណាត់ផ្លូវលេខ៤៣ ដែលរថយន្តដឹកឈើល្មើសខាងលើឆ្លងកាត់នោះ គេឃើញមានកម្លាំងគ្រប់សមត្ថកិច្ចជាច្រើនស្ថាប័ន ដែលឈរជើងនៅលើកំណាត់ផ្លូវនោះ ពង្រាយចាប់តាំងពីទឹកដីខេត្តកំពង់ស្ពឺមកដល់ទឹកដី នៃខេត្តកំពត ប៉ុន្តែបែរជាមិនបង្ក្រាប ឬបង្ក្រាបមិនដែលបាន ខណៈមានរថយន្តជាច្រើនគ្រឿងកន្លងមក បានធ្វើសកម្មភាពដុះស្លែដឹកឈើល្មើសយ៉ាងគគ្រឹកគគ្រេងនៅលើដងផ្លូវលេខ៤៣ (កោះស្លា) មួយនេះ សំដៅនាំឆ្លងដែនចុះទៅប្រទេសវៀតណាម តាមច្រករបៀងនានាក្នុងខេត្តកំពត៕