Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពន្ធនាគារប៉ារ៉ាហ្គាយ ដែលផ្ទុកអ្នកទោសច្រើនកកកុញ បានឆាបឆេះនាំឲ្យស្លាប់ និងរបួស១៨នាក់

11-06-2016 11:50

(ប៉ារ៉ាហ្គាយ)៖ ឆ្មាំគុកម្នាក់ និងអ្នកទោស ៥នាក់បានបាត់បង់ជីវិត នៅក្នុងអគ្គីភ័យដែលបានឆាបឆេះ ពន្ធនាគារមួយឈ្មោះ Tacumbu នៅក្នុងរដ្ឋធានី Asuncion របស់ប្រទេសប៉ារ៉ាហ្គាយ ហើយវាក៏បាន បង្ករបួសស្នាមដល់អ្នកទោស ១២នាក់ផ្សេងទៀតផងដែរ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០១៦។

លោក Pablo Lemir មន្ត្រីគ្រប់គ្រងពន្ធនាគារ Tacumbu បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃសុក្រ ថា «យើងបានធ្វើការស្រាវជ្រាវដ៏លម្អិតហើយ។ បច្ចុប្បន្ននេះ យើងកំពុងតែតាមដានអ្នករងរបួស ទាំងអស់។ សម្រាប់ឆ្មាំគុកដែលបានស្លាប់នោះមានឈ្មោះ Blas Gaona ហើយការស្លាប់នេះ ក៏ព្រោះតែលោកបានព្យាយាមជួយសង្គ្រោះទណ្ឌិតនានា ចេញពីអគ្គីភ័យ»។

តាមពិតពន្ធនាគារខាងលើនេះ ត្រូវបានកសាងឡើង ដើម្បីតែផ្ទុកអ្នកទោសបានចំនួនតែ ១,០០០នាក់ប៉ុណ្ណោះ ប៉ុន្តែដោយសារតែស្ថានការណ៍បន្ទាន់ និងខ្វះពន្ធនាគារ ព្រមទាំងការកើនឡើង នូវបទល្មើសផងនោះ ទើបបណ្តាលឲ្យពន្ធនាគារនេះ ផ្ទុកអ្នកទោសកើនឡើងដល់ ៣,០០០នាក់ នៅក្នុងឆ្នាំ ២០១៦នេះ។

អនុរដ្ឋមន្ត្រីមហាផ្ទៃរបស់ ប៉ារ៉ាហ្គាយ លោក Raul Caballero បានថ្លែងជុំវិញសោកនាដកម្មនេះថា «យើងសូមលើកឡើង ពីទឹកចិត្តរបស់ Blas Gaona។ លោកបានលះបង់ជីវិតដើម្បី ស្រោចស្រង់ ស្ថានការណ៍អាក្រក់ ដែលជាអ្នកស្ម័គ្រចិត្តដ៏គំរូបំផុតប្រចាំប្រទេសមួយនេះ»។ ចំពោះមូលហេតុ នៃអគ្គីភ័យដែលបានដុតសម្លាប់ អ្នកទោស និងឆ្មាំគុក ក្នុងពន្ធនាគារដ៏ធំបំផុតនៅប៉ារ៉ាហ្គាយនេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕