Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរផ្អាកការដ្ឋានសំណង់១កន្លែង ដោយគ្មានច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវនៅលើដីឆ្នេរសមុទ្រតំបន់ទំនប់រលក

12-10-2022 11:26

(ព្រះសីហនុ)៖ លោក ស កក្កដា អភិបាលក្រុងព្រះសីហនុ បានចាត់ឲ្យក្រុមការងារចម្រុះ របស់រដ្ឋបាលក្រុងចុះបញ្ឈប់សកម្មភាពសាងសង់ជាបណ្តោះអាសន្ន ក្រោយពិនិត្យឃើញថា ការដ្ឋានសំណង់ នៅទីតាំងខាងលើនេះ មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

កាដ្ឋានសំណង់១កន្លែងនេះ ត្រូវបានសាងសង់បុកគ្រិះលើដីឆ្នេរសមុទ្រ ក្នុងតំបន់ទំបន់រលកដែលស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក ស កក្កដា បានបញ្ជាក់ថា ការដ្ឋានសំណង់នេះ ត្រូវបានសង់ពី២០ ទៅ ៣០ភាគរយហើយ ដោយមិនមានច្បាប់អនុញ្ញាតនោះទេ។ ចំណែកម្ចាស់សំណង់ខាងលើមានឈ្មោះ សួង សុខា (ហៅកៃ) ប្រពន្ធឈ្មោះ ទី ខាន់ ជាអាជីវកររកស៊ីលក់ដូរផលនេសាទនៅតំបន់នោះ។

បច្ចុប្បន្ន ក្រុមការងារចម្រុះបានសម្រេច ធ្វើការផ្អាក មិនអនុញ្ញាតឲ្យធ្វើការសាងសង់សំណង់នេះបន្តទៀតនោះឡើយ។ លោកព្រមានថា បើម្ចាស់សំណង់មិនអនុវត្តតាមការផ្អាករបស់រដ្ឋបាលក្រុងព្រះសីហនុនោះទេ នឹងមានវិធានការតាមផ្លូវច្បាប់៕