Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្ញៀវជាតិ និងអន្តរជាតិជិត ៤សែននាក់ មកកំសាន្តក្នុងពិធីប្រណាំងទូក និងតាំងពិពណ៌ក្នុងខេត្តកំពង់ចាម

12-10-2022 11:13

(កំពង់ចាម)៖ រយ:ពេល ៣ថ្ងៃ មានភ្ញៀវជាតិ និងអន្តរជាតិ ជិត៤សែន បានមកចូលរួមទស្សនាកំសាន្ត ក្នុងពិធីប្រណាំងទូក «ង» ទ្រង់ទ្រាយធំបណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍ នៅក្នុងខេត្តកំពង់ចាម។ នេះបើតាមលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់សារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប និងដុតកាំជ្រូច ដែលបានប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃកន្លងទៅនេះ គឺថ្ងៃទីមួយ មានភ្ញៀវ ៦៨,៨៨៩នាក់ ថ្ងៃទីពីរ មានភ្ញៀវ ២៤៨,០២៥នាក់ និងថ្ងៃទីបី មានភ្ញៀវ ៧២,០៧៧នាក់។ ដូច្នេះសរុប ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកចូលរួម ទស្សនាកម្សាន្ត ចំនួន ៣៨៨,៩៩៧នាក់ ក្នុងនោះ មានភ្ញៀវអន្តរជាតិចំនួន ៤៦២នាក់ផងដែរ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ពិធីប្រណាំងទូក បណ្តែតប្រទីប និងដុតកាំរយៈពេល ៣ថ្ងៃនេះ គឺដំណើរការទៅដោយជោគជ័យដូចការគ្រោងទុក។ ដោយឡែកបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ គឺអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទាំងអស់ បានខិតខំអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ បង្កើតបរិយាកាស សប្បាយរីករាយជូនភ្ញៀវជាតិនិងអន្តរជាតិ ដែលបានមកចូលរួមកំសាន្តនៅក្នុងខេត្តកំពង់ចាមរបស់យើង។

លោកអភិបាលខេត្ត បានបន្ថែមថា ការរៀបចំពិធីប្រណាំងទូក តាំងពិពណ៌ បណ្ដែតប្រទីប អុជកាំជ្រួចនេះដែរ រដ្ឋបាលខេត្ត មានគោលបំណង ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព៕