ជម្លោះក្នុងគ្រួសារប្រពន្ធចាក់ប្តីមួយកាំបិត ចំដោះខាងឆ្វេង បាញ់ឈាមដូចអារក មាន់, ប្តីត្រូវបញ្ជូនទៅពេទ្យ រីឯប្រពន្ធរត់បាត់
07-06-2016 23:17
(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានប្រពន្ធរបស់ខ្លូន ចាក់ចំមួយកាំបិតត្រង់ដោះខាងឆ្វេង បណ្តាលឲ្យបាញ់ឈាម ដូចអារកមាន់រងរបួសធ្ងន់ ក្រោយកើតជម្លោះ នៅក្នុងគ្រួសារ នាយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ថា ជនរងគ្រោះឈ្មោះ ច្រេង សុភា អាយុ៣៦ឆ្នាំ រីឯប្រពន្ធមិនទាន់អត្តសញ្ញាណនៅឡើយទេ ហើយបានរត់គេចខ្លួនបាត់ ហើយប្តីត្រូវបានក្រុម៧១១ របស់កងពលលេខ៧០ ចុះទៅជួយអន្តរាគមន៍ ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ហើយរាល់ដងតែងតែចូលផ្ទះ នៅយប់ជ្រៅ តែថ្ងៃនេះចូលផ្ទះពីក្បាលព្រលប់ ស្រាប់តែមកដល់ផ្ទះមិនឃើញមានបាយសម្ល ទើបនាំឲ្យកើតជម្លោះ រហូតវាយតប់គ្នា។ ពេលកំពុងឈ្លោះប្រកែកគ្នា និងវាយគ្នានោះ ស្រាប់ប្រពន្ធ បានយកកាំបិតចុងស្រួចចាក់ចំដោះ ប្តីខាងឆ្វេង បណ្តាលហូរឈាម យ៉ាងខ្លាំងតែម្តង៕