អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញប្រកាសផ្ទេរតំបន់ការពារធម្មជាតិ និងតំបន់ដីសម្បទានសេដ្ឋកិច្ច មកឲ្យមន្ទីរជំនាញគ្រប់គ្រងវិញ
03-06-2016 12:16
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៦នេះ លោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមទាំងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងបរិស្ថាន បានចូលរួមការផ្ទេរតំបន់សម្បទានសេដ្ឋកិច្ច ជូនក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ធ្វើការគ្រប់គ្រងបន្ត និងផ្ទេរតំបន់ការពារធម្មជាតិ មកក្រសួងបរិស្ថានគ្រប់គ្រងបន្ត។
លោក វីុ សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការផ្ទេរតំបន់សម្បទានសេដ្ឋកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ធ្វើការគ្រប់គ្រងបន្ត និងផ្ទេរតំបន់ការពារធម្មជាតិ មកក្រសួងបរិស្ថានគ្រប់គ្រងបន្តនេះ បានធ្វើឡើងស្របតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ផលលំបាកជាច្រើនក្នុងអំឡុងពេល នៃការរង់ចាំការផ្ទេរប្រគល់នាពេលនេះ កន្លងមកមានជនឆ្លៀតឱកាសមួយចំនួន បានប្រព្រឹត្តបទបំផ្លាញធនធានធម្មជាតិ ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ រំលោភបំពានដោយមិនគោរពច្បាប់។
តែទោះជាបែបណាករណីទាំងនោះ ត្រូវបានកម្លាំងជំនាញក្រោមបទបញ្ជា របស់គណៈបញ្ជាការឯកភាពខេត្ត បានធ្វើការបង្ក្រាបជាបន្តបន្ទាប់ និងបានបញ្ជូនជនសង្សយ័ ទៅផ្តន្ទាទោសជាច្រើននាក់ផងដែរ៕