Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងគយចល័ត ចាប់រថយន្តដឹកឈើប្រណិត ១គ្រឿងពេញប្រៀប ប្រុងឆ្លងចូលប្រទេសវៀតណាម តាមច្រករបៀង

02-06-2016 22:32

(រតនគិរី)៖ រថយន្ដដឹកឈើប្រណិតពេញមួយគ្រឿង ម៉ាក Toyota Land Cruiser ត្រូវបានកម្លាំងគយចល័ត ដឹកនាំឲ្យលោក ព្រាប ការ៉ាត់ សហការជាមួយសាខាគយ និងរដ្ឋាករខេត្តរតនគិរី និង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះចាប់នៅក្នុងព្រៃ ស្ថិតក្នុងភូមិប៉ក់ ឃុំប៉ក់ញ៉ៃ ស្រុកអ៊ូរយ៉ាដាវ ខេត្តរនគិរី នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦។

មន្ត្រីគយចល័តបានឲ្យដឹងទៀថា រថយន្តដឹកឈើប្រណិត១គ្រឿងពេញនេះ ប្រុងឆ្លងដែនទៅកាន់ប្រទេសវៀតណាម តាមច្រករបៀងភូមិភាគ ប៉ុន្តែមិនទាន់ដល់គោលដៅផង ក៏ត្រូវកម្លាំងចម្រុះចាប់បានតែម្តង។ បន្ទាប់ពីចាប់រថយន្តដឹកឈើនោះបាន ទាំងឈើនិងរថយន្ត ត្រូវបានយកមកថែរក្សាទុក នៅសាខាគយ និងរដ្ឋាករខេត្តរតនគិរី ខណៈអ្នកបើកបររថយន្តល្មើស រត់ចូលព្រៃបាត់។

មន្រ្តីគយចល័ត លោក ព្រាប ការ៉ាត់ បានបញ្ជាក់ Fresh News ថា ការចាប់ឃាត់រថយន្តនេះ ធ្វើឡើងតាមបទបញ្ជាផ្ទាល់ពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ និងទទួលបានព័ត៌មានសំងាត់ពីកម្លាំងគយ។ ឈើប្រណិតល្មើសច្បាប់ទាំងនេះ គឺជាទំនិញល្មើសច្បាប់គយ ដូច្នេះនាយកដ្ឋានគយ ត្រូវតែចាត់វិធានការ និងតម្រូវឲ្យមានការបង់ពន្ធ តាមច្បាប់របស់គយកំណត់។

ពាក់ព័ន្ធនឹងសកម្មភាព រត់ពន្ធឈើខុសច្បាប់ និងបង្រ្កាបរថយន្តអត់ពន្ធ នារដូវកាលចុងក្រោយនេះ មហាជនបានសម្តែងនូវការ កោតសរសើរចំពោះនាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មចំពោះ ជនមានអំណាចនិងមានទឹកលុយ ប្រើប្រាស់រថយន្តខុសច្បាប់។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធ​ ពីសំណាក់កម្លាំង​គយចល័ត នឹងត្រូវធ្វើ​ឡើងជាប់ជានិច្ចដូចភ្លៀងរលឹម៕