Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ (Video inside)

09-08-2022 16:04

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន ដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំពិនិត្យ និងសម្រេចពី គ.ជ.ប។

ឯកសារដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំ គ.ជ.ប ពិនិត្យ និងសម្រេច រួមមាន៖

១៖ ខ្លឹមសារសៀវភៅណែនាំ និងឯកសារជំនួយស្មារតី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
២៖ សេចក្តីព្រាងសៀវភៅណែនាំ ស្តីពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយ ពាក្យបណ្តឹង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់រួចមក គ.ជ.ប បានសម្រេចកែសម្រួល និងឯកភាពជាគោលការណ៍លើខ្លឹមសារឯកសារសៀវភៅណែនាំ និងសៀវភៅជំនួយស្មារតីទាំងនោះ។

តាមខ្លឹមសារដែលបានកែសម្រួល គឺ៖

* អ្នកគ្រប់អាយុ ១៨ឆ្នាំឡើង ដែលត្រូវចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ គឺអ្នកកើតមុន ឬកើតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥។
* រយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ មានចំនួន ៥០ថ្ងៃ។

ក្នុងអំឡុងពេលនោះ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២, នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ និង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដើម្បីប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត វាយតម្លៃការងាររបស់ខ្លួន។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២នេះ ចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា រហូតដល់ថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២៕